(កាប៊ុល)៖ អតីតរដ្ឋមន្ត្រីមហាផ្ទៃអាហ្វហ្កានីស្ថាន លោក Ali Ahmad Jalali ទំនងជាអាចនឹងត្រូវបានតែងតាំងជាមេដឹកនាំរដ្ឋាភិបាលបណ្ដោះអាសន្នថ្មីមួយក្នុង ទីក្រុងកាប៊ុល ដែលកំពុងស្ថិតនៅក្រោមការឡោមព័ទ្ធពីគ្រប់ទិសទីពីសំណាក់ក្រុមតាលីបង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៥ ខែសីហា ឆ្នាំ២០២១។

ទីភ្នាក់ងារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះផ្អែកលើប្រភពការទូតចំនួន៣ ដែលខ្លួនទទួលបាន និងចំពេលមានព័ត៌មានមិនផ្លូវការមួយចំនួនថា លោកប្រធានាធិបតីអាហ្វហ្កានីស្ថាន អាសរ៉ាហ្វ ហ្កានី( Ashraf Ghani) នឹងលាលែងចេញពីតំណែង ដើម្បីត្រួសត្រាយផ្លូវកិច្ចចរចាផ្ទេរអំណាចដោយសន្តិវិធី ជាមួយក្រុមតាលីបង់។

គួរបញ្ជាក់ថា នៅមុននេះបន្តិច រដ្ឋមន្ត្រីមហាផ្ទៃអាហ្វហ្កានីស្ថាន លោក Abdul Sattar Mirzakwal បានថ្លែងសារមួយតាមកញ្ចក់ទូរទស្សន៍ដោយជំរុញឱ្យប្រជាជន ក្នុងរដ្ឋធានីកាប៊ុលកុំមានការភិតភ័យ ដោយលោកអះអាងថា នឹងមានការផ្ទេរអំណាចដោយសន្តិវិធីក្នុងប្រទេសអាហ្វហ្កានីស្ថាន។ ភ្លាមៗមិនទាន់មានការទទួលស្គាល់ថា តើក្រុមតាលីបង់យល់​ព្រមលើការតែងតាំងលោក Ahmad Jalali នោះទេ ប៉ុន្តែលោកត្រូវបានគេមើលឃើញជាបេក្ខជនមានសក្ដានុពលជាងគេ៕