(កាប៊ុល)៖ មេដឹកនាំប្រយុទ្ធតាលីបង់បានបញ្ជាឱ្យកងកម្លាំងរបស់ខ្លួនត្រូវបន្តស្ថិតនៅខាងក្រៅរដ្ឋធានីកាប៊ុល ដោយមិនត្រូវធ្វើការវាយប្រហារណាមួយឡើយ ស្របពេលកិច្ចចរចាពីការផ្ទេរអំណាចដោយសន្តិវិធីកំពុងធ្វើឡើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃអាទិត្យ ទី១៥ ខែសីហា ឆ្នាំ២០២១។

បើតាមក្រុមអាហ្វហ្កានីស្ថាន ក្រុមសកម្មប្រយុទ្ធតាលីបង់កំពុងឡោមព័ទ្ធរដ្ឋធានីកាប៊ុលពីគ្រប់ទិស។ ប៉ុន្តែបានសន្យាថានឹងមិនធ្វើការវាយប្រហារនោះទេ ហើយក៏បានណែនាំឱ្យក្រុមអ្នកប្រយុទ្ធរបស់ខ្លួនបញ្ចៀសអំពើហិង្សា និងផ្ដល់សុវត្ថិភាពសម្រាប់អ្នកដែលចង់ចាកចេញពីរដ្ឋធានីកាប៊ុល។ ជុំវិញកិច្ចចរចានេះដែរ រដ្ឋមន្ត្រីមហាផ្ទៃអាហ្វហ្កានីស្ថាន លោក Abdul Sattar Mirzakwal បានជំរុញឱ្យប្រជាជនក្នុងរដ្ឋធានីកាប៊ុលកុំមានការភិតភ័យ ដោយលោកអះអាងថានឹងមានការផ្ទេរអំណាចដោយ សន្តិវិធីក្នុងប្រទេសអាហ្វហ្កានីស្ថាន។

ប៉ុន្តែបើតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើន ប្រជាជនអាហ្វហ្កានីស្ថានបាននាំគ្នាសម្រុកចេញពីរដ្ឋធានីកាប៊ុលទៅកាន់ទីជនបទ ដោយសារពួកគេភ័យខ្លាចពីការវាយប្រហារ ពីក្រុមតាលីបង់៕