(កាប៊ុល)៖ ក្រុមសកម្មប្រយុទ្ធតាលីបង់បានចាប់ផ្ដើមប្រតិបត្តិការវាយលុកចូលនៅតាមតំបន់ជាយរដ្ឋធានីកាប៊ុលហើយនៅថ្ងៃអាទិត្យនេះ បន្ទាប់ពីបាន វាយដណ្ដើមកាន់កាប់ទីក្រុង Jalalabad ដែលជាទីក្រុងធំចុងក្រោយគេបង្អស់របស់រដ្ឋាភិបាលទីក្រុងកាប៊ុលយ៉ាងងាយស្រួលដោយមិនបាច់ មានការវាយប្រយុទ្ធគ្នា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន DW នៅថ្ងៃអាទិត្យ ទី១៥ ខែសីហា ឆ្នាំ២០២១។

ការបាត់បង់ទីក្រុង Jalalabad មានន័យថាទីក្រុងសំខាន់ៗទាំងអស់របស់អាហ្វហ្កានីស្ថានបានធ្លាក់ចូលក្នុងកណ្ដាប់ដៃក្រុមតាលីបង់លើកលែងតែ រដ្ឋធានីកាប៊ុល មួយចេញតែប៉ុណ្ណោះ។ នៅថ្ងៃអាទិត្យនេះដែរឧទ្ធម្ភាគចក្រជាច្រើនគ្រឿង បានចុះចតនៅឯស្ថានទូតអាមេរិកប្រចាំរដ្ឋធានីកាប៊ុល ដើម្បីចាប់ផ្ដើមជម្លៀសបុគ្គលិកទូតចេញពីអាហ្វហ្កានីស្ថាន។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ធ្លាប់បានព្រមានក្រុមតាលីបង់ថានឹងត្រូវប្រឈមមុខនឹងការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ពីយោធាអាមេរិក បើហ៊ាន បើកការវាយប្រហារ ឬធ្វើឱ្យយោធាអាមេរិកស្ថិតនៅក្នុងគ្រោះថ្នាក់ ក្នុងពេលនៃការជម្លៀសបុគ្គលិកទូត, ពលរដ្ឋអាមេរិក រួមទាំងជនជាតិអាហ្វហ្កានីស្ថាន ដែលធ្លាប់ធ្វើការឱ្យសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកកាលពីប៉ុន្មានថ្ងៃមុននេះ បានព្រមានថារដ្ឋធានីកាប៊ុលនឹងធ្លាក់ចូលក្នុងកណ្ដាប់ដៃក្រុមតាលីបង់ ក្នុងរយៈពេល ៩០ថ្ងៃ។ ប៉ុន្តែប្រសិនបើ ក្រុមតាលីបង់នៅតែបន្តរក្សាល្បឿនវាយលុកដូចសព្វថ្ងៃ នោះរដ្ឋាភិបាលទីក្រុងកាប៊ុល អាចនឹងដួលរលំមុនការ ព្យាករនេះក៏ថាបាន៕