(ឡុងដ៍)៖ ឯកអគ្គរាជទូតអង់គ្លេសប្រចាំប្រទេសអាហ្វហ្កានីស្ថាន នឹងឡើងជិះយន្ដហោះចាកចេញពីរដ្ឋធានីកាប៊ុល នៅល្ងាចថ្ងៃអាទិត្យនេះ (ម៉ោងក្នុងតំបន់) បន្ទាប់ពីកងទ័ពអង់គ្លេសចាប់ផ្ដើមជម្លៀសបុគ្គលិកស្ថានទូតចេញពីប្រទេសមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអង់គ្លេស Sunday Telegraph នៅថ្ងៃអាទិត្យ ទី១៥ ខែសីហា ឆ្នាំ២០២១។

បើតាមសារព័ត៌មាន Sunday Telegraph ការជម្លៀសមន្ត្រីទូត និងពលរដ្ឋអង់គ្លេសត្រូវបានគ្រោងទុកតាំងតែពីសប្ដាហ៍មុនមកម្លេះ ហើយការជម្លៀសនេះត្រូវបង្កើន ល្បឿន បន្ទាប់ពីក្រុមតាលីបង់ត្រូវបានគេរាយការណ៍ថាបានវាយលុកចូលដល់ជាយរដ្ឋធានីកាប៊ុលកាលពីថ្ងៃសៅរ៍ម្សិលមិញ។ គិតត្រឹមយប់ថ្ងៃសៅរ៍ម្សិលមិញដែរ មានតែមន្ត្រី និងបុគ្គលិកទូតអង់គ្លេសប្រហែលជា ១០នាក់ប៉ុណ្ណោះ កំពុងបន្តស្ថិតនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ធៀបទៅនឹងកាលពីដើមសប្ដាហ៍នេះមានដល់ទៅ ៥០០នាក់ ហើយឯកអគ្គរាជទូតអង់គ្លេសនឹងត្រូវចាកចេញនៅល្ងាចថ្ងៃអាទិត្យនេះ។ តែយ៉ាងណាក៏ដោយ ខាងរដ្ឋាភិបាលអង់គ្លេសមិនទាន់បានធ្វើអត្ថាធិប្បាយ ឆ្លើយតបទៅនឹងការចុះផ្សាយរបស់សារព័ត៌មាន Sunday Telegraph នៅឡើយទេ។

គួរបញ្ជាក់ថា អង់គ្លេសកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ បានប្រកាសថាខ្លួននឹងបញ្ជូនកងទ័ព ៦០០នាក់ ទៅជួយសម្រួលដល់ការជម្លៀសមន្ត្រីទូត និងពលរដ្ឋអង់គ្លេស ចាកចេញពីប្រទេសអាហ្វហ្កានីស្ថាន ខណៈស្ថានភាពសន្តិសុខកាន់តែវឹកវរ៕