(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានចេញមុខការពារជាថ្មីនូវការសម្រេចចិត្តរបស់ លោក ដកកងទ័ពអាមេរិកចេញពីប្រទេសអាហ្វហ្កានីស្ថាន ខណៈក្រុមតាលីបង់វាយលុករុលទៅមុខកាន់តែជិតដល់រដ្ឋធានីកាប៊ុល។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី១៥ ខែសីហា ឆ្នាំ២០២១។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន លោក ចូ បៃដិនបានឱ្យដឹងដែរថាលោកបានយល់ព្រមបង្កើនការបញ្ជូនកងទ័ពដល់ជិត ៥,០០០នាក់ ទៅកាន់រដ្ឋធានីកាប៊ុល ដើម្បីជួយសម្រួលដល់ការជម្លៀសបុគ្គលិកស្ថានទូត ពលរដ្ឋ និងកងទ័ពអាមេរិកដែលនៅសល់ ព្រមទាំងជនជាតិអាហ្វហ្កានីស្ថានមួយចំនួនដែលធ្លាប់បម្រើការ ឱ្យសហរដ្ឋអាមេរិក។

បន្ថែមពីលើនេះ លោក បៃដិនក៏បានព្រមានក្រុមតាលីបង់ផងដែរថានឹងត្រូវតបស្នងមកវិញនូវតម្លៃមួយយ៉ាងស័ក្តិសម ប្រសិនបើហ៊ានវាយប្រហារលើ ឬធ្វើឱ្យ កងទ័ពអាមេរិកស្ថិតនៅក្នុងគ្រោះថ្នាក់។ បើតាមលោក ចូ បៃដិន កងទ័ពអាមេរិកនឹងត្រូវដកចេញពីប្រទេសអាហ្វហ្កានីស្ថានទាំងស្រុងនៅមុនថ្ងៃទី៣១ ខែសីហានេះ។

ការដកទ័ពយ៉ាងប្រញាប់ប្រញាល់ដោយមិនទាន់មានកិច្ចព្រមព្រៀងសន្តិភាពសម្រាប់អាហ្វហ្កានីស្ថានបែបនេះ កំពុងធ្វើឱ្យលោក បៃដិនទទួលរងការរិះគន់ ប៉ុន្តែប្រធានាធិបតីអាមេរិករូបនេះនៅតែការពារការសម្រេចចិត្តរបស់លោក ដោយបញ្ជាក់ថាទោះជាកងទ័ពអាមេរិកបន្តស្ថិតនៅអាហ្វហ្កានីស្ថានមួយ ឬ៥ឆ្នាំបន្ថែម ទៀត ក៏វាមិនអាចផ្លាស់ប្ដូរអ្វីបានដែរ ប្រសិនបើយោធាអាហ្វហ្កានីស្ថានមិនមានសមត្ថភាព ឬមិនអាចគ្រប់គ្រងប្រទេសរបស់ពួកគេបានដោយខ្លួនឯង។

គួរបញ្ជាក់ថា បើតាមលោក ចូ បៃដិន វត្តមានយោធាមិនចេះចប់របស់យោធាអាមេរិកនៅក្នុងសង្រ្គាមស៊ីវិលនៃប្រទេសណាមួយក្នុងតំបន់មជ្ឈិមបូព៌ាគឺជារឿង មិនអាចទទួលយកបានចំពោះរូបលោក។ ការលើកឡើងបែបនេះរបស់លោក បៃដិន ធ្វើឡើងចំពេលក្រុមតាលីបង់វាយដណ្ដើមកាន់កាប់បានខេត្តចំនួន២២ហើយ ក្នុងចំណោមខេត្តទាំង៣៤ របស់អាហ្វហ្កានីស្ថានចាប់តាំងពីថ្ងៃទី០៦ ខែសីហាមក ហើយកំពុងស្ថិតនៅចម្ងាយប្រហែលជា៥០គីឡូម៉ែត្រប៉ុណ្ណោះ ពីរដ្ឋធានីកាប៊ុល៕