(កាប៊ុល)៖ នៅថ្ងៃសៅរ៍នេះ ក្រុមតាលីបង់បានគ្រប់គ្រងការផ្សាយ របស់ស្ថានីយវិទ្យុក្នុងខេត្ត កាន់ដាហារ (Kandahar) ដោយបានប្តូរឈ្មោះកម្មវិធីផ្សាយវិទ្យុនោះទៅជា «សំឡេងនៃច្បាប់អ៊ីស្លាម-សារីអះ» ក្រោយពីទើបរឹបអូសបានតំបន់សេដ្ឋកិច្ចដ៏សំខាន់ នៃភាគខាងត្បូងប្រទេសមួយនេះកាលពីថ្ងៃសុក្រ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃសៅរ៍ ទី១៤ ខែសីហា ឆ្នាំ២០២១។

ក្រុមអ្នកតាមដានស្ថានការណ៍នៅអាហ្វហ្គានីស្ថាន បានបង្ហាញក្តីព្រួយបារម្ភថា ប្រទេសអាហ្វហ្គានីស្ថានទាំងមូល នឹងធ្លាក់ទៅក្នុងកណ្តាប់ដៃក្រុមតាលីបង់ ក្នុងរយៈពេលមិនដល់ ៣សប្តាហ៍ទៀតនោះឡើយ ពោលគឺនៅមុនសហរដ្ឋអាមេរិក ដកកងទ័ពចុងក្រោយរបស់ខ្លួនចេញពីប្រទេសនេះ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសៅរ៍នេះតែម្តង ក្រុមតាលីបង់បានគ្រប់គ្រងផ្នែកជាច្រើន នៃភាគខាងជើង ខាងលិច និងខាងត្បូង។ បើគិតជាចំនួនខេត្តវិញនោះ គឺក្រុមតាលីបង់បានវាយដណ្តើមគ្រប់គ្រងខេត្តចំនួន ១៨ ក្នុងចំណោមខេត្តទាំង ៣៤ របស់អាហ្វហ្គានីស្ថានរួចទៅហើយ។ បច្ចុប្បន្ននេះ កងកម្លាំងរបស់រដ្ឋាភិបាលទីក្រុងកាប៊ុល កំពុងបន្តឈរជើងនៅបណ្តាខេត្តភាគខាងកើត និងភាគកណ្តាល ក្នុងនោះរួមទាំងរដ្ឋធានីកាប៊ុលផងដែរ ព្រមទាំងទីក្រុងសំខាន់មួយទៀតឈ្មោះ ម៉ាហ្សា-អាយ-ហ្សារីហ្វ (Mazar-i-Sharif) ស្ថិតនៅភាគខាងជើងប្រទេស។

សម្រាប់ព្រឹត្តិការណ៍សំខាន់ៗ ដែលទើបកើតមានឡើងថ្មីៗនេះដែរ គឺកងទ័ពអាមេរិកចំនួន ៣,០០០នាក់បានទៅដល់អាហ្វហ្គានីស្ថានហើយ ដើម្បីជួយជម្លៀសបុគ្គលិកទូតអាមេរិក ព្រមទាំងជនស៊ីវិលជាច្រើនទៀត ដែលបានទទួលសិទ្ធិជ្រកកោននៅអាមេរិក។ ដោយឡែក ចក្រភពអង់គ្លេស និងប្រទេសដទៃទៀត រួមមានអេស៉្បាញ ដាណឺម៉ាក ន័រវែស និងហូឡង់ជាដើម ក៏បានប្រកាសពីការជម្លៀសបុគ្គលិកនៃស្ថានទូតរបស់ពួកគេ ចេញពីអាហ្វហ្គានីស្ថានដូចគ្នា ក្រោមការភ័យខ្លាចថា ទីក្រុងកាប៊ុលនឹងស្ថិតក្រោមការវាយលុករបស់ ក្រុមតាលីបង់ក្នុងពេលឆាប់ៗនេះ។

នៅថ្ងៃសៅរ៍នេះដែរ ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក មហាំម៉ាត់ អាស្រាហ្វ ហ្គានី (Mohammad Ashraf Ghani) បានបង្ហាញមុខឡើងវិញតាមកញ្ចក់ទូរទស្សន៍ ក្រោយពីបានបាត់មុខអស់មួយរយៈ។ នៅក្នុងឱកាសនោះ លោក ហ្គានី បានប្តេជ្ញាការពារប្រទេសជាតិ មិនឲ្យធ្លាក់ចូលក្នុងអស្ថិរភាពឡើយ ព្រមទាំងបានសន្យាជួយជនភៀសខ្លួនដោយសារសង្គ្រាម និងស្នើសុំជំនួយពីបរទេសផងដែរ៕