(កាប៊ុល)៖ កងទ័ពអាមេរិកបានចាប់ផ្តើមទៅដល់ទីក្រុងកាប៊ុលហើយ ដើម្បីជួយដល់ការជម្លៀសបុគ្គលិកស្ថានទូត និងជនស៉ីវិលដទៃទៀត ខណៈក្រុមតាលីបង់កាន់តែរំកិល មកជិតរដ្ឋធានីរបស់ប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមការចេញផ្សាយ ដោយបណ្តាញព័ត៌មាន The Guardian នៅរសៀលថ្ងៃសៅរ៍ ទី១៤ ខែសីហា ឆ្នាំ២០២១។

មន្រ្តីទូត និងពលរដ្ឋរបស់បណ្តាប្រទេសលោកខាងលិច កំពុងប្រញាប់ប្រញាល់ចាកចេញពីរដ្ឋធានីកាប៊ុល របស់ប្រទេសអាហ្វហ្គានីស្ថាន ស្របពេលដែលក្រុមសកម្មប្រយុទ្ធតាលីបង់ ឥឡូវកំពុងបោះជំរំនៅចម្ងាយតែ ៥០គីឡូម៉ែត្រពីទៀតប៉ុណ្ណោះ ក្រោយពួកគេបានវាយដណ្តើមកាន់កាប់ ទីក្រុងធំៗនៅតាមបណ្តាខេត្តជាច្រើន។

យោងតាមមន្រ្តីអាមេរិក ក្នុងចំណោមកងទ័ពចំនួន ៣,០០០នាក់ ដែលបញ្ជូនទៅកាន់ទីក្រុងកាប៊ុល ភាគច្រើននឹងទៅដល់ទីនោះនៅត្រឹម ល្ងាចថ្ងៃអាទិត្យចុងសប្តាហ៍នេះ។ អាមេរិកក៏កំពុងចល័តកងទ័ពបន្ថែម ៤,៥០០-៥,០០០នាក់ទៀតផងដែរ ទៅកាន់មូលដ្ឋាននៅតាមបណ្តាប្រទេស នៃតំបន់ឈូងសមុទ្រពែក ដូចជាកាតា និងគុយវ៉ែតជាដើម។ កងទ័ពទាំងនោះនឹងដើរតួនាទីជា កងទ័ពបម្រុង ក្នុងករណីត្រូវការបញ្ជូនទៅអាហ្វហ្គានីស្ថានថែមទៀត។

គួរបញ្ជាក់ថា ចក្រភពអង់គ្លេស និងប្រទេសដទៃទៀត រួមមានអេស៉្បាញ ដាណឺម៉ាក ន័រវែស និងហូឡង់ជាដើម ក៏បានប្រកាសពីការជម្លៀសបុគ្គលិកនៃស្ថានទូតរបស់ពួកគេ ចេញពីអាហ្វហ្គានីស្ថានដូចគ្នា ក្រោមការភ័យខ្លាចថា ទីក្រុងកាប៊ុលនឹងស្ថិតក្រោមការវាយលុករបស់ ក្រុមតាលីបង់ក្នុងពេលឆាប់ៗនេះ។

មិនទាន់មានការព្យាករណ៍ឲ្យច្បាស់លាស់ថា តើរដ្ឋធានីកាប៊ុលនឹងត្រូវធ្លាក់ចូលក្នុងដៃក្រុមតាលីបង់ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនោះឡើយ ប៉ុន្តែអ្នកតាមដានស្ថានការណ៍ក្នុងតំបន់បានមើលឃើញថា ពេលវេលានៅមិនយូរទៀតនោះឡើយ ព្រោះកាលពីថ្ងៃសុក្រសប្តាហ៍នេះ ខេត្ត កាន់ដាហារ (Kandahar) ដែលជាបេះដូងសេដ្ឋកិច្ចដ៏សំខាន់ នៃភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន ព្រមទាំងទីក្រុងធំៗលំដាប់លេខ ២ និងលេខ ៣ បានធ្លាក់ចូលក្នុងកណ្តាប់ដៃក្រុមតាលីបង់បាត់ទៅហើយ៕