(ប្រេស៊ីឡា)៖ លោកស្រី ហ្វ្លរដឺលីស ដូស សាន់តូស ដឺ សូហ្សា (Flordelis dos Santos de Souza) អតីតសមាជិកសភាប្រេស៊ីល ដែលត្រូវបានចោទប្រកាន់ពីបទ សម្លាប់ស្វាមីខ្លួនឯង កាលពីខែមិថុនា ឆ្នាំ២០១៩ ត្រូវបានចាប់ខ្លួនហើយនៅល្ងាចថ្ងៃសុក្រសប្ដាហ៍នេះ បន្ទាប់ពីឯកសិទ្ធិសភារបស់លោកស្រី ត្រូវបានដកហូតអភ័យ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី១៤ ខែសីហា ឆ្នាំ២០២១។

លោកស្រី ហ្វ្លរដឺលីស (Flordelis) ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ នៅក្នុងប្រទេសប្រេស៊ីល ត្រូវបានចោទប្រកាន់ពីបទឃាតកម្មកាលពីជាងមួយឆ្នាំមុន រួមជាមួយអ្នកសមគំនិតប្រមាណ ១០នាក់ទៀតផងដែរ ដែលត្រូវបានចោទប្រកាន់ពីបទសម្លាប់ស្វាមីរបស់លោកស្រី គឺលោក អាន់ដឺសុន ឌូ ខាម៉ូ (Anderson do Carmo) ដែលលោកត្រូវបានបាញ់ចំនួន ៣០គ្រាប់ នៅក្នុងរោងដាក់រថយន្តនៃផ្ទះរបស់ខ្លួន។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្ដាហ៍នេះ សភាជាន់ទាបរបស់ប្រេស៊ីល បានបោះឆ្នោតដកអភ័យឯកសិទ្ធិ និងតំណែងរបស់លោកស្រី Flordelis។ ចៅក្រមម្នាក់បានបង្គាប់ឱ្យចាប់ខ្លួនលោកស្រីភ្លាមៗ បន្ទាប់ពីមានការស្នើសុំពីរដ្ឋអាជ្ញាប្រេស៊ីល។

ឃាតកម្មដ៏សាហាវឃោឃៅ លើស្វាមីរបស់អតីតសមាជិកប្រេស៊ីលរូបនេះ បានធ្វើឱ្យមានភាពច្របូកច្របល់នៅក្នុងរដ្ឋ រូយ៉ូ ដឺ ហ្សេណេរ៉ូ (Rio de Janeiro) ដែលលោកស្រី Flordelis មានតំណែងអនុប្រធានសហព័ន្ធ។ ប៉ូលិសប្រេស៊ីលបានចោទប្រកាន់ថា ឃាតកម្មលើលោក Carmo បានកើតឡើងដោយសារការឈ្លោះប្រកែកគ្នានៅក្នុងគ្រួសារ ខណៈការស៊ើបអង្កេតបន្តទៀតនឹងត្រូវធ្វើឡើង៕