(វ៉ាស៊ីនតោន)៖ ក្រសួងសន្តិសុខមាតុភូមិ (DHS) នៃសហរដ្ឋអាមេរិក បានចេញសេចក្តីព្រមានមួយ អំពីការគំរាមកំហែងដោយអំពើភេរវកម្ម ដែលអាចកើតមានឡើងនៅចំពោះមុខខួបទី ២០ឆ្នាំ នៃមហាភេរវកម្ម ១១/កញ្ញា បើទោះបីជាជំងឺ COVID-19 កំពុងតែបន្តរីករាតត្បាតក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នារសៀលថ្ងៃសៅរ៍ ទី១៤ ខែសីហា ឆ្នាំ២០២១។

ប្រព័ន្ធតាមដាន និងផ្តល់ព័ត៌មានអំពីអំពើភេរវកម្មនៃ DHS ខាងលើនេះបានឲ្យដឹងថា «សហរដ្ឋអាមេរិកកំពុងតែប្រឈមមុខ បរិស្ថាននៃការគំរាមកំហែង ដែលកំពុងកើនឡើងជាលំដាប់ ទាំងពីសំណាក់ក្រុមភេរវករក្នុងស្រុក និង ក្រុមដែលទទួលបានការហ្វឹកហ្វឺន ដោយពួកភេរវករបរទេស ឬទទួលរងឥទ្ធិពលអាក្រក់ ពីបរទេសផ្សេងៗទៀត...»

ស្ថាប័នសន្តិសុខអាមេរិកខាងលើនេះ បានសង្កត់ធ្ងន់យ៉ាងដូច្នេះទៀតថា ក្រុមភេរវកម្មកំពុងប្រើប្រាស់វេទិកាតាមអនឡាញ ដើម្បីបញ្ជ្រៀបឥទ្ធិពល និងផ្សព្វផ្សាយទង្វើបែបជ្រុលនិយម ដែលអាចជំរុញឲ្យមានសកម្មភាពហិង្សា។ ការព្រមានលើកនេះត្រូវបានធ្វើឡើង ដោយលើកយកនៃព្រឹត្តិការណ៍វាយប្រហារ លើវិមានកាពីតូលនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីខែមករា ឆ្នាំ២០២១ ពីសំណាក់ក្រុមអ្នកគាំទ្រ អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ធ្វើជាឧទាហរណ៍។

បើតាមការព្រមានពី DHS ក្រុមជ្រុលនិយមក៏បានយកឱកាស នៃការរាតត្បាតវីរុស COVID-19 បំប្លែងថ្មី ដែលកំពុងធ្វើឲ្យករណីឆ្លងកើនឡើងវិញជាថ្មី នៅក្នុងសហរដ្ឋអាមេរិកពេលនេះ ធ្វើជាឈ្នាន់ដើម្បីបំផុសឲ្យមាន គំនិតប្រឆាំងរដ្ឋាភិបាលផងដែរ។ DHS បានសង្កត់ធ្ងន់ត្រង់ចំណុចនេះថា «អ្នករងវិបត្តិពាក់ព័ន្ធនឹងជំងឺរាតត្បាតសកល... ទំនងជានឹងអាចរួមចំណែកដល់ការធ្វើឲ្យកើនឡើង នូវអំពើហិង្សាក្នុងឆ្នាំនេះ...»