(តូក្យូ)៖ ស្រ្តីម្នាក់បានបាត់បង់ជីវិត ហើយមនុស្ស២នាក់ទៀត បានបាត់ខ្លួន នៅថ្ងៃសៅរ៍នេះ ក្រោយការធ្លាក់ភ្លៀងយ៉ាងជោគជាំ បានបង្កជាគ្រោះរអិលបាក់ដី ដែលសង្កត់លើលំនៅឋាន២ខ្នង នៅខេត្តណាហ្គាសាគី (Nagasaki) ភាគខាងលិចប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៤ ខែសីហា ឆ្នាំ២០២១។

ដោយនៅតាមផ្នែកជាច្រើននៃប្រទេស ទទួលរងទឹកភ្លៀងក្នុងកម្រិតខ្ពស់ខ្លាំង ជប៉ុនបានសម្រេចពង្រីកនូវ ការប្រកាសអាសន្នកម្រិតខ្ពស់របស់ខ្លួន ឲ្យគ្របដណ្តប់លើមនុស្សជាង១លាននាក់។ នៅតំបន់មួយនោះ បានកត់ត្រាទឹកភ្លៀងកម្រិត៤០៩មីលីម៉ែត្រ ក្នុងរយៈពេល៧២ម៉ោង គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ។ ឃ្លីបវីដេអូមួយចំនួនពីប្រព័ន្ធផ្សព្វផ្សាយនៅជប៉ុន បានបង្ហាញថា ទឹកទន្លេបានជន់លិចនៅតំបន់ខ្លះ នៃខេត្តហីរ៉ូស៉ីម៉ា (Hiroshima) និងឡើងខ្ពស់ខ្លាំង នៅតំបន់ផ្សេងទៀតនៃភាគខាងលិចជប៉ុន។

គួរបញ្ជាក់ថា ឥឡូវការធ្លាក់ភ្លៀងខ្លាំង បានចល័តទៅតំបន់កណ្តាលនៃកោះធំ ហុនស៊ូ (Honshu) របស់ជប៉ុន ខណៈទីភ្នាក់ងារឧតុនិយមជប៉ុន បានព្រមានថា ភ្លៀងទំនងជានឹងនៅតែបន្តធ្លាក់ខ្លាំងលើប្រទេសនេះ សម្រាប់រយៈពេលប្រហែល១សប្តាហ៍៕