(ប៉ារីស)៖ ប្រជាជនបារាំងដែលមានការស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំង បានទៅឈរតម្រង់ជួរគ្នា ដើម្បីទទួលការចាក់វ៉ាក់សាំងហើយ ខណៈអាជ្ញាធរបានចេញវិធានការរឹតបន្តឹងលើប័ណ្ណសុខភាព ដែលត្រូវការជាចាំបាច់ សម្រាប់ការចូលទៅបរិភោគតាមភោជនីយដ្ឋាន ការធ្វើដំណើរតាមរថភ្លើង និងការចូលទៅកាន់កន្លែងសាធារណៈផ្សេងៗទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែសីហា ឆ្នាំ ២០២១។

ចាប់ពីសប្តាហ៍នេះតទៅ ប្រជាពលរដ្ឋបារាំងត្រូវបង្ហាញប័ណ្ណសុខភាពនៅតាមទីសាធារណៈ ដែលបញ្ជាក់ថា ពួកគេបានទទួលការចាក់វ៉ាក់សាំងរួចរាល់ ឬបានធ្វើតេស្តអវិជ្ជមានចំពោះជំងឺ COVID-19 ក្នុងអំឡុងពេលថ្មីៗនេះ។ ប៉ុន្តែដោយសារតែការធ្វើតេស្តដោយឥតគិតថ្លៃ នឹងមិនមានទៀតទេ ចាប់ពីខែតុលាខាងមុខនេះតទៅ មនុស្សជាច្រើនបានទៅឈរតម្រង់ជួរគ្នា នៅតាមមជ្ឈមណ្ឌលចាក់វ៉ាក់សាំង ដើម្បីទទួលបានប័ណ្ណសុខភាព ហើយអាចបន្តសកម្មភាពរស់នៅរបស់ពួកគេ បានដូចធម្មតា។

បុរសម្នាក់ឈ្មោះ ឆារ៉ាហ្សេដ ប៊ែនណាមីរូស (Charazede Benamirouche) ដែលកំពុងឈរតម្រង់ជួរគ្នា ដើម្បីទទួលការចាក់វ៉ាក់សាំង នៅមជ្ឈមណ្ឌលចាក់វ៉ាក់សាំងមួយកន្លែងនៃទីក្រុង សង់កង់តង់ (Saint-Quentin) បាននិយាយថា «យើងត្រូវការការចាក់វ៉ាក់សាំង ដើម្បីអាចធ្វើអ្វីៗដែលយើងត្រូវធ្វើ ពីព្រោះការធ្វើតេស្តជារៀងរាល់ពេល ដើម្បីទទួលបានប័ណ្ឌសុខភាព គឺពិតជាពិបាក។ ខ្ញុំមានគម្រោង និងផែនការធ្វើដំណើរជាច្រើន... ដូច្នេះខ្ញុំពិតជាត្រូវការចាក់វ៉ាក់សាំងណាស់ នាពេលឥឡូវនេះ»

ដោយឡែកស្រ្តីម្នាក់ទៀតឈ្មោះ យ៉ាស្មីណា បារ៉ាកា (Yasmina M'Baraka) ដែលជាបុគ្គលិកធ្វើការនៅឯមជ្ឈមណ្ឌលចែកចាយវ៉ាក់សាំង បាននិយាយថា «ខ្ញុំមានអារម្មណ៍ថា ត្រូវបង្ខំចិត្តទៅទទួលការចាក់វ៉ាក់សាំង... ប៉ុន្តែការធ្វើបែបនេះ គឺដើម្បីទទួលបានសេរីភាព និងភាពសប្បាយរីករាយក្នុងវ័យ ៣១ឆ្នាំរបស់ខ្ញុំ»

បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសបារាំង បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសជាង ៦.៤២លានករណីហើយ ក្នុងនោះអ្នកស្លាប់ជាង ១១២,៥០០នាក់ និងអ្នកជាសះស្បើយ ៥.៨៦លាននាក់។

គិតត្រឹមសប្តាហ៍នេះ ប្រជាជនបារាំងជាង ៤៥លាននាក់ហើយ ក្នុងចំណោមប្រជាជនសរុបជាង ៦៥លាននាក់ បានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ០១ដូសរួចរាល់ ដែលនេះជាការកើនឡើងគួរឱ្យកត់សម្គាល់ បន្ទាប់ពីសុន្ទរកថារបស់ប្រធានាធិបតីបារាំង លោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១២ ខែកក្កដាកន្លងទៅនេះ។ លោក ម៉ាក្រុង បានប្រកាសពីតម្រូវការនៃប័ណ្ណសុខភាព និងការចាក់វ៉ាក់សាំងជាចាំបាច់ សម្រាប់បុគ្គលិកសុខាភិបាល៕