(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៥៥,២៩៧នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៧៦៩នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែសីហា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៧,៣៦៤,៧០០ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦៣៧,១៦១នាក់ និងជាសះស្បើយឡើងសរុប ៣០.១៣លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

ចំពោះមុខការកើនឡើងនៃករណីឆ្លងជំងឺ COVID-19 នៅទូទាំងសហរដ្ឋអាមេរិក រដ្ឋាភិបាលសហព័ន្ធបាននិងកំពុងបង្កើនតម្រូវការ នៃចាក់វ៉ាក់សាំងចំពោះបុគ្គលិករដ្ឋ ក្រុមអ្នកស្ម័គ្រចិត្ត និងមន្ត្រីពាក់ព័ន្ធដទៃទៀត។ គិតចាប់ពីថ្ងៃទី១២ ខែសីហា ពួកគេមានពេល ៨សប្តាហ៍ ដើម្បីរួសរាន់ទៅទទួលការចាក់វ៉ាក់សាំង បើពុំដូច្នេះទេនឹងអាចប្រឈមមុខការបាត់បង់ការងារ ឬមិនឲ្យចូលក្នុងការិយាល័យ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួន ៣៥៤លានដូស ក្នុងនោះប្រជាជន ១៩៦.៥លាននាក់ (៥៩.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៦៧.៣៥លាននាក់ទៀត (៥១%) បានទទួលការចាក់គ្រប់ដូស ឬ ២ដូស៕