(អូតតាវ៉ា)៖ រដ្ឋាភិបាលកាណាដានៅថ្ងៃសុក្រសប្តាហ៍នេះបានប្រកាសថា ខ្លួនបានចុះកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក Moderna ដើម្បីបន្តការផ្គត់ផ្គង់វ៉ាក់សាំងបន្ថែមសម្រាប់ឆ្នាំ២០២២ និងឆ្នាំ២០២៣ ហើយវាក៏អាចនឹងបន្តរហូតដល់ឆ្នាំ២០២៤ ផងដែរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែសីហា ឆ្នាំ២០២១។

យោងតាមកិច្ចព្រមព្រៀងខាងលើនេះ ប្រទេសកាណាដាបានសម្រេចបញ្ជាទិញ វ៉ាក់សាំងចំនួន ៤០លានដូស ពីក្រុមហ៊ុនអាមេរិក Moderna សម្រាប់កិច្ចព្រមព្រៀងថ្មីលើកទី១។ ដោយឡែក វ៉ាក់សាំងចំនួន ៦៥លានដូសទៀត គឺជាការត្រៀមបញ្ជាទិញទុកជាមុន ដែលនឹងអាចសម្រេចនៅពេលខាងមុខ។ បើតាមរដ្ឋាភិបាលកាណាដា កិច្ចព្រមព្រៀងលើកនេះ គឺជាការបោះជំហានថ្មីក្នុងភាពជាដៃគូ សម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងនៅឆ្នាំ២០២២ និងឆ្នាំ២០២៣ នៅមុនរោងចក្រផលិតវ៉ាក់សាំង Moderna លើទឹកដីកាណាដា ត្រូវបើកដំណើរការនៅប៉ុន្មានឆ្នាំទៀត។

គួរបញ្ជាក់ថា កំលុងពេលមួយសប្តាហ៍ចុងក្រោយនេះ កាណាដាបានមើលឃើញការកើនឡើងវិញ នូវករណីឆ្លងជំងឺ COVID-19 ថ្មីៗ និងអ្នកជំងឺចូលសម្រាកនៅមន្ទីរពេទ្យ។ ប្រទេសកាណាដាដែលមានប្រជាជនសរុបជាង ៣៨លាននាក់ បានសម្រេចការចាក់វ៉ាក់សាំងបង្ការ COVID-19 រហូតដល់ទៅ ៨២% នៃក្រុមប្រជាជនដែលមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ និង ៧១% នៃពួកគេ បានទទួលការចាក់គ្រប់ដូស៕