(អូតតាវ៉ា)៖ នៅក្នុងរយៈពេល ៧ថ្ងៃជាប់ៗគ្នា (គិតចាប់ពីថ្ងៃទី ៦-១២ ខែសីហា) ប្រទេសកាណាដាបានមើលឃើញចំនួនករណីឆ្លងជំងឺ COVID-19 ថ្មីៗជាមធ្យម ១,៦០០នាក់ នៅក្នុងមួយថ្ងៃ ដែលស្មើនឹងអត្រាកើនឡើង ៧០% បើធៀបនឹងសប្តាហ៍មុនមួយទៀត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ ដកស្រង់របាយការណ៍ចេញពី ទីភ្នាក់ងារសុខភាពសាធារណៈកាណាដា (PHAC) នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែសីហា ឆ្នាំ២០២១។

សម្រាប់ថ្ងៃសុក្រសប្តាហ៍នេះ កាណាដាបានប្រកាសរកឃើញអ្នកឆ្លងថ្មីៗ ២,៤១២នាក់ទៀត ដែលធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសកើនឡើងដល់ជិត ១,៤៥០,០០០នាក់ ក្នុងនោះមានអ្នកស្លាប់សរុប ២៦,៦៩៨នាក់។ ខេត្តដែលបានរាយការណ៍ អំពីករណីឆ្លងច្រើនជាងគេងគឺ ប្រ៊ីតធីស ខូឡុំប៊ី (British Columbia), អាល់ប៊ឺតា (Alberta) និង អនតារីយ៉ូ (Ontario)។

ស្ទើរតែគ្រប់ខេត្តនៃប្រទេសកាណាដា សុទ្ធតែបានរាយការណ៍ពីការរកឃើញ វត្តមានវីរុស COVID-19 បំប្លែងថ្មីៗដូចជា អាល់ហ្វា, បេតា, ហ្គាំម៉ា និងដែលតា ផងដែរ ដែលសុទ្ធសឹងតែជាវីរុសសាហាវៗ ជាងវីរុសទម្រង់ដើម។ ជុំវិញបញ្ហានេះ PHAC បានព្រមានថា កាណាដាកំពុងមើលឃើញ សញ្ញានៃការវិវឌ្ឍទៅរកស្ថានភាពធ្ងន់ធ្ងរឡើងវិញ ខណៈកំលុងពេល ៧ថ្ងៃមុននេះ អ្នកជំងឺជាង ៥០០នាក់ជាមធ្យមក្នុងមួយថ្ងៃៗ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយនេះជាអត្រាកើនឡើងខ្ពស់ បើធៀបនឹងសប្តាហ៍មុនៗទៀត។

គួរបញ្ជាក់ថា ប្រទេសកាណាដាដែលមានប្រជាជនសរុបជាង ៣៨លាននាក់ បានសម្រេចការចាក់វ៉ាក់សាំងបង្ការ COVID-19 រហូតដល់ទៅ ៨២% នៃក្រុមប្រជាជនដែលមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ និង ៧១% នៃពួកគេ បានទទួលការចាក់គ្រប់ដូស។ អាជ្ញាធរកំពុងតែជំរុញការចាក់វ៉ាក់សាំងបន្ថែមទៀត ហើយបើទោះបីជាកន្លងមកនេះមានសេចក្តីរាយការណ៍ថា មានការឆ្លងជំងឺ COVID-19 លើអ្នកដែលបានចាក់វ៉ាក់សាំងរួចក្តី ក៏ការចាក់វ៉ាក់សាំងនៅតែជាវិធីសាស្ត្រតែមួយគត់ ដែលអាចកាត់បន្ថយអត្រាស្លាប់ និងធ្លាក់ខ្លួនឈឺធ្ងន់ នៅពេលមនុស្សឆ្លងជំងឺដ៏កាចសាហាវនេះ៕