(កាប៊ុល)៖ ក្រុមអង្គការមនុស្សធម៌បានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធតាលីបង់កំពុងវាយប្រហារទៅមុខយ៉ាងលឿនរហ័សឆ្ពោះទៅរកឆោមព័ទ្ធទីក្រុងកាប៊ុល ដោយស្ថិតចម្ងាយតែ ៥០គីឡូម៉ែត្រទៀតប៉ុណ្ណោះពីរដ្ឋធានីមួយនេះ ខណៈខ្សែរភ្លើងស្ទើរតែទាំងស្រុងត្រូវបានបំផ្លិចបំផ្លាញ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅល្ងាចថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១។

ប្រភពពីអង្គការមនុស្សធម៌នេះ បានលើកឡើងយ៉ាងដូច្នេះថា «យើងមានការព្រួយបារម្ភយ៉ាងខ្លាំង ពីព្រោះក្រុមតាលីបង់ស្ថិតនៅចម្ងាយតែ ៥០ គីឡូម៉ែត្រប៉ុណ្ណោះពីទីក្រុងកាប៊ុល។ នៅព្រឹកនេះពួកគេបានកាត់ផ្តាច់ខ្សែភ្លើង ហើយទីក្រុងស្ទើរតែស្ថិតនៅដាច់ដោយឡែកពីគេតែឯង»

គួរបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធតាលីបង់ណ្តើមយកបានខេត្តចំនួ ៣ ផ្សេងទៀត នៅក្នុងប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃសុក្រនេះ ដោយបានបញ្ចប់ការវាយលុកភាគខាងត្បូងរបស់ប្រទេសនេះ នៅក្នុងការវាយប្រហារដូចភ្នែកបន្ទោល ឆ្ពោះទៅផ្តួលរលំរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងឈានទៅដល់គ្រប់គ្រងប្រទេសទាំងមូល។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសថា ប្រតិបត្តិការយោធាអាមេរិកនៅអាហ្វហ្គានីស្ថាននឹងត្រូវបញ្ចប់នៅថ្ងៃទី ៣១ ខែសីហា ដោយទុកឲ្យប្រជាជនអាហ្វហ្គានីស្ថានត្រូវជ្រើសរើសអនាគតខ្លួន៕