(វៀងច័ន្ទ)៖ ប្រទេសឡាវនៅថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញករណីវិជ្ជមាន COVID-19 ចំនួន ៣០៥នាក់ទៀត ដែលនាំឲ្យចំនួនអ្នកកើតជំងឺនេះសរុបកើនដល់ ៩,៦៦៨នាក់ ខណៈករណីស្លាប់នៅមានចំនួន ០៩នាក់ដដែល និងជាសះស្បើយឡើងវិញខ្ទង់ ៥,៥០០នាក់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Lao Times។

បើតាមអាជ្ញាធរសុខាភិបាលឡាវ ក្នុងចំណោមករណីវិជ្ជមានទាំង ៣០៥នាក់ខាងលើនេះ ២០នាក់ជាករណីឆ្លងសហគមន៍ ដែលត្រូវបានរកឃើញនៅក្នុងរដ្ឋធានីវៀងច័ន្ទ, ខេត្តបូកែវ (Bokeo), ចម្ប៉ាសាក់ (Champasack), សុវណ្ណាខេត្ត (Savannakhet) និង សេកុង (Sekong)។ ដោយឡែក ២៨៥នាក់ទៀត ជាករណីនាំចូល ដែលត្រូវបានរកឃើញច្រើនបំផុតនៅរដ្ឋធានីវៀងច័ន្ទ, ខេត្តចម្ប៉ាសាក់ និងសុវណ្ណាខេត្ត។

គួរបញ្ជាក់ថា ជាការឆ្លើយតបស្ថានការណ៍ COVID-19 ដែលកំពុងតានតឹងខ្លាំងឡើងៗ ប្រទេសឡាវបានបង្កើនចំនួន មជ្ឈមណ្ឌលធ្វើចត្តាឡីស័ករហូតដល់ ៩៩កន្លែងទូទាំងប្រទេស បូករួមទាំងសណ្ឋាគារសរុបចំនួន ៤៥ផងដែរ៕