(ព្រុចសែល)៖ សមាជិកសភាតំណាងរាស្រ្តប៊ែលហ្ស៉ិក លោក Raoul Hedebouw បានព្រមានប្រឆាំងនឹងការចូលរួមរបស់អឺរ៉ុប ទៅក្នុងភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន នៅក្នុងកិច្ចជជែកដេញដោល មួយនាពេលថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១។

លោក Hedebouw បាននិយាយថា «ខ្ញុំគិតថា វាជាគំនិតមិនល្អមួយ ក្នុងការសម្រេចភាពជាដៃគូយុទ្ធសាស្ត្រនេះ ជាមួយប្រទេសមហាអំណាចផ្នែកនយោបាយ និងសេដ្ឋកិច្ច ដែលក្នុងអំឡុងសតវត្សចុងក្រោយនេះ មានអាកប្បកិរិយាឈ្លានពានបំផុត ចំពោះប្រជាជាតិនានានៅលើពិភពលោក»។

លោក Hedebouw បាននិយាយបន្ថែមថា «ភាពតានតឹងផ្នែកសេដ្ឋកិច្ចនៅលើពិភពលោក គឺស្ថិតក្នុងកម្រិតដ៏គ្រោះថ្នាក់មួយ។ ហេតុអ្វីបានជាដូច្នេះ? ដោយសារតែវាគឺជាលើកដំបូងហើយ គិតចាប់តាំងពីឆ្នាំ១៩៤៥មក ដែលប្រទេសមហាអំណាចសេដ្ឋកិច្ចដ៏លេចធ្លោ ដូចជាសហរដ្ឋអាមេរិក កំពុងត្រៀមនឹងត្រូវមហាអំណាចដទៃទៀត វ៉ាដាច់ផ្នែកសេដ្ឋកិច្ច»។

ជាចុងក្រោយ លោក Hedebouw បានថ្កោលទោសចំពោះការកិច្ចប្រឹងប្រែងព្យាយាម របស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) ក្នុងការទាញប្រទេសបែលហ្ស៊ិក និងបណ្ដាប្រទេសអឺរ៉ុបមួយចំនួនទៀត ឱ្យដើរតាមសហរដ្ឋអាមេរិក ចូលទៅក្នុងភាពតានតឹងជាមួយចិន ដោយប្រកាសថា ចិនជាគូប្រជែងជាប្រព័ន្ធ៕