(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានបញ្ជូនកងទ័ពបន្ថែម ៣,០០០នាក់ ទៅកាន់ប្រទេសអាហ្វហ្កានីស្ថាន ដើម្បីជម្លៀសបុគ្គលិកស្ថានទូតអាមេរិក និងជនជាតិ អាហ្វហ្កានីស្ថានមួយចំនួន ដែលទទួលសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក ខណៈក្រុមតាលីបង់បាននិងកំពុងវាយដណ្ដើមកាន់កាប់ទឹកដី និងទីក្រុងកាន់ច្រើន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១។

ការប្រកាសពីការបញ្ជូនទ័ពនេះ ធ្វើឡើងដោយអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ណេដ ប្រាយស៍ (Ned Price) នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន)។ លោក Ned Price ក៏បានជំរុញឱ្យពលរដ្ឋអាមេរិក ចាកចេញជាបន្ទាន់ពីអាហ្វហ្កានីស្ថានផងដែរ តែព្រមពេលជាមួយគ្នាលោកបានអះអាងថា ស្ថានទូតអាមេរិក ប្រចាំទីក្រុងកាប៊ុលនៅតែប្រតិបត្តិការរបស់ខ្លួនដដែល បើទោះជាបុគ្គលិកទូតត្រូវបានកាត់បន្ថយក៏ដោយ។

គួរបញ្ជាក់ថា ប៉ុន្មានម៉ោងក្រោយការប្រកាសពីការបញ្ជូនទ័ពខាងលើ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក ចន ឃើរប៊ី (John Kirby) ក៏បានទទួលស្គាល់ដែរថា កងទ័ពអាមេរិក ៣,០០០នាក់ នឹងត្រូវបញ្ជូនទៅដល់អាហ្វហ្កានីស្ថាន ក្នុងរយៈពេល ២៤ម៉ោង ឬ ៤៨ម៉ោងខាងមុខនេះ។ ប៉ុន្តែអ្នកនាំពាក្យរូបនេះបញ្ជាក់ថា កងទ័ពអាមេរិកទាំងនេះ គ្រាន់តែស្ថិតនៅលើទឹកដីអាហ្វហ្កានីស្ថានបណ្ដោះអាសន្នប៉ុណ្ណោះ ហើយព្រមានថា កងទ័ពអាមេរិកនឹងធ្វើការឆ្លើយតបភ្លាមៗ ប្រសិនបើពួកគេរងការវាយប្រហារពីក្រុមតាលីបង់។ ក្រៅពីអាមេរិក ចក្រភពអង់គ្លេសក៏បានបញ្ជូនកងទ័ពទៅកាន់ទីក្រុងកាប៊ុល ដើម្បីជម្លៀសពលរដ្ឋរបស់ខ្លួនចេញដែរ៕