(រ៉ូម)៖ ក្រុមអ្នកពន្លត់អគ្គិភ័យអ៉ីតាលី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) បានប្រយុទ្ធតស៊ូជាមួយអណ្ដាតភ្លើងឆេះព្រៃរាប់រយកន្លែង ដែលកំពុងឆាបឆេះនៅទូទាំងភាគត្បូងនៃប្រទេស និងដែលបានផ្ដាច់យកជីវិតមនុស្ស ០៤នាក់ ក៏ដូចជាធ្វើឱ្យអាកាសធាតុឡើងក្ដៅជាអតិបរមា នៅភាគខាងត្បូងអឺរ៉ុប។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១។

បើតាមក្រុមអ្នកពន្លត់អគ្គិភ័យអ៉ីតាលី ភ្លើងឆេះព្រៃបានឆាបឆេះជាង ៥០០កន្លែង ខណៈបាតុភូតជំរុញឱ្យបរិយាកាសឡើងកម្ដៅ ឬគេស្គាល់ថា អ៊ែនធីសាយក្លូន (anticyclone) ដែលគេដាក់ឈ្មោះឱ្យថា លូស៊ីហ្វឺ (Lucifer) បានកើតឡើងនៅទូទាំងប្រទេសអ៉ីតាលី ដោយធ្វើឱ្យសីតុណ្ហភាពផ្នែកខ្លះជាពិសេសនៅតំបន់ ស៊ីស៊ីលី (Sicily) ហក់ឡើងដល់ ៤៨.៨អង្សាសេ កាលពីថ្ងៃពុធសប្តាហ៍នេះ។

គួរបញ្ជាក់ថា ប្រឈមមុខនឹងការកើនឡើងកម្ដៅដ៏ខ្ពស់នេះ អាជ្ញាធរក្នុងតំបន់ Sicily បានសម្រេចចិត្តប្រកាសភាពអាសន្ន ហើយបញ្ជូនអ្នកស្ម័គ្រចិត្ត ៥០នាក់ ឱ្យជួយពន្លត់ភ្លើងឆេះព្រៃ។ ចំណែឯប្រទេសអឺរ៉ុបដទៃដូចជា បារាំង, អេស្ប៉ាញ និងព័រទុយហ្កាល់ក៏បានប្រកាសអាសន្នពីភ្លើងឆេះព្រៃផងដែរ ស្របពេលអាជ្ញាធរក្នុងប្រទេសក្រិក និងអាល់ហ្សេរី ព្រមទាំងទុយនីស៊ី កំពុងតស៊ូប្រយុទ្ធ ជាមួយអណ្តាតភ្លើងឆេះព្រៃ និងការឡើងកម្ដៅដែលក្រុមអ្នកជំនាញជឿជាក់ថា បង្កឡើងដោយការប្រែប្រួលអាកាសធាតុ៕