(ម៉ិចស៉ីកូស៉ីធី)៖ ប្រធានាធិបតីម៉ិចស៉ីកូ លោក អាន់ដ្រេស ម៉ានូអែល ឡូប៉េស អូប្រាឌ័រ (Andres Manuel Lopez Obrador) កាលពីថ្ងៃពុធសប្តាហ៍នេះ បានឲ្យដឹងថា លោកបានអញ្ជើញប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ឲ្យទៅទស្សនកិច្ចនៅប្រទេសម៉ិចស៉ីកូ នាចុងខែកញ្ញាខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១។

ការអញ្ជើញខាងលើធ្វើឡើង កំលុងដំណើរទស្សនកិច្ចនៅម៉ិចស៉ីកូ របស់ក្រុមប្រតិភូអាមេរិក ដែលដឹកនាំដោយទីប្រឹក្សាសន្តិសុខជាតិលោក ជេក ស៊ូលីវ៉ាន (Jake Sullivan) និងរដ្ឋមន្រ្តីសន្តិសុខមាតុភូមិលោក អាឡេចានដ្រូ ម៉ាយូកាស (Alejandro Mayorkas) ព្រមទាំងមន្រ្តីអាមេរិកជាច្រើនរូបទៀត។ វាក៏បានកើតឡើង ក្រោយកិច្ចសន្ទនាតាមទូរសព្ទរវាងលោក អូប្រាឌ័រ និងអនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះផងដែរ។

លោកប្រធានាធិបតីម៉ិចស៉ីកូ បាននិយាយថា រដ្ឋាភិបាលលោកកំពុងព្យាយមស្វែងរក ផែនការគ្រប់ជ្រុងជ្រោយរួមគ្នាជាមួយសហរដ្ឋអាមេរិក ដើម្បីជំរុញកំណើនសេដ្ឋកិច្ច នៅតំបន់អាមេរិកខាងជើង ក៏ដូចជានៅទូទាំងទ្វីបអាមេរិក។

គួរបញ្ជាក់ថា ម៉ិចស៉ីកូនិងអាមេរិក បានព្រមព្រៀងគ្នាកាលពីខែមីនា ឆ្នាំ២០២០ ក្នុងការរឹតត្បិតច្រកព្រំដែនប្រទេសទាំងពីរ ដើម្បីទប់ស្កាត់ COVID-19។ វិធានការនោះ ត្រូវបានអូសបន្លាយមកទល់បច្ចុប្បន្ន ដោយហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ក្នុងគោលដៅទេសចរណ៍ ឬការធ្វើដំណើរកម្សាន្ត ប៉ុន្តែអនុញ្ញាតឲ្យមានការឆ្លងកាត់ សម្រាប់ហេតុផលចាំបាច់ដូចជា ការងារ ការសិក្សា ការថែទាំសុខភាព និងការធ្វើពាណិជ្ជកម្មទំនិញជាដើម៕