(សេអ៊ូល)៖ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង លោក ស៊ីន ហុង ចុល (Sin Hong-chol) ប្រចាំប្រទេសរុស្ស៊ីបាននិយាយថាប្រទេសរបស់លោកមានបំណង ពង្រឹង កិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី ដើម្បីទប់ទល់ជាមួយសហរដ្ឋអាមេរិក ហើយថាឧបទ្វីបកូរ៉េនឹងមិនអាចមានសន្តិភាព រហូតទាល់តែ កងទ័ពអាមេរិកត្រូវបានដកចេញ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១។

ការអត្ថាធិប្បាយខាងលើរបស់លោក Sin Hong-chol ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Tass និងបន្ទាប់ពីកូរ៉េខាងជើង បានព្រមានថានឹងធ្វើឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងស្ដាយក្រោយ សម្រាប់ការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំរួមគ្នា។ បើតាមលោក Sin Hong-chol ការធ្វើសមយុទ្ធយោធារួមគ្នានេះគឺជាត្រៀមលក្ខណៈធ្វើសង្រ្គាម ហើយវាក៏បានបង្ហាញយ៉ាងច្បាស់ផងដែរថាសហរដ្ឋអាមេរិកជាអ្នកបង្កអស្ថិរភាព នៅក្នុងតំបន់។

ដូច្នេះហើយកូរ៉េខាងជើងនឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី។ «យើងក៏នឹងពង្រឹងផងដែរនូវកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ីដើម្បីទប់ទល់ ជាមួយសហរដ្ឋអាមេរិក»។ នេះការគូសបញ្ជាក់របស់លោក Sin Hong-chol ជាមួយការជំរុញឱ្យអាមេរិកដកកងទ័ពរបស់ខ្លួនចេញពីឧបទ្វីបកូរ៉េ។

គួរបញ្ជាក់ថា ក្រោយចប់សង្រ្គាមកូរ៉េ (ឆ្នាំ១៩៥០-ឆ្នាំ១៩៥៣) សហរដ្ឋអាមេរិកបានដាក់កងទ័ពររបស់ខ្លួនប្រមាណជា ២៨,៥០០នាក់ឱ្យឈរជើងនៅលើឧបទ្វីបកូរ៉េ ក្រោមហេតុផលការពារសន្តិសុខកូរ៉េខាងត្បូង ដ្បិតមកទល់នឹងពេលនេះកូរ៉េទាំង២ មិនទាន់បានចុះកិច្ចព្រមព្រៀងសន្តិភាព បញ្ចប់សង្រ្គាមទាំងស្រុងនោះទេ៕