(កាលីហ្វ័រញ៉ា)៖ រដ្ឋកាលីហ្វ័រញ៉ានៃសហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) បានក្លាយជារដ្ឋដំបូងគេបង្អស់ដែលតម្រូវឱ្យគ្រូបង្រៀន និងបុគ្គលិកសាលានានាត្រូវទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ឬត្រូវទទួលការធ្វើតេស្តជាប្រចាំ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១។

ការសម្រេចចិត្តខាងលើត្រូវបានអភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក ហ្គាវីន ញូសម (Gavin Newsom) ហៅថាជាជំហានមួយប្រកបដោយការទទួលខុសត្រូវដើម្បីធានា សុវត្ថិភាពកុមារតូចៗ។ លោក Gavin Newsom បាននិយាយនៅក្នុងសន្និសិទខ្លីមួយ អមដោយក្រុមមន្រ្តីសហជីពគ្រូបង្រៀនរបស់រដ្ឋដែលគាំទ្រការសម្រេចចិត្តនេះដូច្នេះថា៖ «យើងគិតថានេះគឺជាវិធីតែមួយគត់ដែលប្រកបដោយនិរន្តរភាព ដើម្បីរក្សាសាលារៀនរបស់យើងឱ្យបើកដំណើរការបានជាធម្មតា និងដើម្បីដោះស្រាយបញ្ហា កង្វល់របស់ឱពុកម្តាយដូចជាខ្ញុំដែលមានចំពោះកុមារតូចៗ»

គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ សហរដ្ឋអាមេរិកបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសជាង ៣៧.០៥លានករណី ក្នុងនោះមានអ្នកស្លាប់ជាង ៦៣៥,៦៣៦នាក់ និងជាសះស្បើយឡើងសរុបជាង ៣០លាននាក់៕