(ញូដេលី)៖ មនុស្សយ៉ាងហោច ១០នាក់បានស្លាប់ និងរាប់សិបនាក់ទៀត កំពុងជាប់នៅក្រោមគំនរបាក់បែកនៅឡើយ បន្ទាប់ពីគ្រោះរអិលបាក់ដីបានវាយប្រហារ ស្រុកមួយស្ថិតនៅតំបន់ព្រំដែនជួរភ្នំហិម៉ាឡៃ (Himalayan) ភាគខាងជើងប្រទេសឥណ្ឌា កាលពីថ្ងៃពុធម្សិលមិញនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១។

គ្រោះរអិលបាក់ដី នៅថ្ងៃពុធម្សិលមិញនេះបានកើតឡើងនៅលើផ្លូវហាយវេយហ៍ (High Way) មួយដែលស្ថិតនៅក្នុងស្រុក Kinnaur នៃរដ្ឋហ៊ីម៉ាចាល់ ប្រាដេស (Himachal Pradesh) ដោយផ្ទាំងថ្មភ្នំ បានបាក់រលំធ្លាក់ចំរថយន្តដឹកទំនិញ រថយន្តក្រុង និងរថយន្តផ្សេងៗទៀតដែលកំពុងធ្វើដំណើរនៅលើផ្លូវហាយវេយហ៍នោះ ដែលបង្កឱ្យមនុស្សយ៉ាងហោចណាស់ ១០នាក់បានស្លាប់ ខណៈ ០៥នាក់ទៀតត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។ ប៉ុន្តែប្រហែល៣០នាក់ផ្សេងទៀត នៅតែជាប់ក្រោមគំនរបាក់បែកនៃផ្ទាំងថ្មនោះដដែល។

គួរបញ្ជាក់ថា គ្រោះរអិលបាក់ដីដែលបានសម្លាប់មនុស្សជាច្រើនបានវាយប្រហារប្រទេសឥណ្ឌាខុសប្លែកពីធម្មតា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះនៅក្នុងអំឡុង រដូវមូសុង។ យ៉ាងហោចណាស់មនុស្ស ០៩នាក់បានស្លាប់កាលពីខែមុន នៅក្នុងរដ្ឋ Himachal Pradesh ខណៈផ្ទាំងថ្មភ្នំ បានបាក់រលំធ្លាក់ចំរថយន្តរបស់ពួកគេខណៈ១៣៦នាក់ផ្សេងទៀត ក៏បានស្លាប់ផងដែរ ដោយសារគ្រោះរអិលបាក់ដីនៅក្នុងរដ្ឋមហារ៉ាស្រ្តា (Maharashtra) ភាគខាងលិចប្រទេសឥណ្ឌា កាលពីពេលថ្មីៗនេះ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលបង្កឱ្យមានគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី បានវាយប្រហារភូមិរាប់រយនិងបានបំផ្លាញផ្ទះសម្បែង អស់ជាច្រើនខ្នង៕