(វ៉ាស៊ីនតោន)៖ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ត្រូវបានគេរំពឹងថានឹងអនុញ្ញាតសម្រាប់ការចាក់វ៉ាក់សាំង COVID-19 ដូសទី៣ ដោយប្រើ វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និងក្រុមហ៊ុន Moderna លើអ្នកដែលមានប្រព័ន្ធភាពសុំាទន់ខ្សោយ។ នេះបើតាមការដកស្រង់ផ្សាយពីសារព័ត៌មាន NBC News នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១។

សារព័ត៌មាន NBC News ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីអាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យដឹងទៀតថា FDA នឹងអនុម័ត លើការអនុញ្ញាតការចាក់វ៉ាក់សាំងដូសទី៣ ក្នុងករណីបន្ទាន់សម្រាប់អ្នកមានប្រព័ន្ធភាពសុំាទន់ខ្សោយក្នុងពេលឆាប់ៗនេះ ឬអាចនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះតែម្ដង។

ឆ្លើយតបទៅនឹងសេចក្ដីរាយការណ៍ខាងលើ អ្នកនាំពាក្យ FDA ម្នាក់មិនបានបញ្ជាក់អ្វីលម្អិតនោះទេដោយគ្រាន់តែនិយាយថា FDA កំពុងតាមដានយ៉ាងយក ចិត្តទុកដាក់លើទិន្នន័យសិក្សាស្ដីពីការចាក់វ៉ាក់សាំងដូសទី៣ លើអ្នកមានប្រព័ន្ធភាពសុំានៅឡើយ។ អ្នកនាំពាក្យរូបនេះបន្ថែមថា FDA នឹងធ្វើការងារជាមួយ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង CDC ខណៈក្រុមអ្នកជំនាញ CDC នឹងត្រូវជួបជុំគ្នានៅថ្ងៃសុក្រសប្ដាហ៍នេះដើម្បីត្រួតពិនិត្យលើទិន្នន័យស្ដីពី ការចាក់វ៉ាក់សាំងដូសទី៣ សម្រាប់អ្នកមានប្រព័ន្ធភាពសុំាទន់ខ្សោយ៕