(វ៉ាស៊ីនតោន)៖ ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិន ត្រូវបានពង្រីកកាន់តែធំឡើង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កាលពីជាង ១០ឆ្នាំមុន ចិនមានមូលដ្ឋានបាញ់មីស៊ីល អន្តរទ្វីប ICBM ចេញពីក្រោមដីត្រឹមតែ ២០កន្លែងប៉ុណ្ណោះ។ ប៉ុន្តែកាលពីពេលថ្មីៗនេះ ក្រុមអ្នកជំនាញអាមេរិកដោយផ្អែកលើរូបភាពផ្កាយរណបបានឱ្យដឹងថាចិនបាន និងកំពុងសាងសង់មូលដ្ឋានបាញ់មីស៊ីលបែបនេះ ច្រើនជាង ២០០កន្លែងឯណោះ។

ការធ្វើទំនើបកម្មអាវុធនុយក្លេអ៊ែរដ៏លឿនរហ័សទ្រង់ទ្រាយធំមិនធ្លាប់មាននេះ គឺជាការផ្លាស់ប្ដូរដ៏ធំរបស់ចិនដែលពីមុនមកផ្ដោតតែទៅលើការអភិវឌ្ឍសេដ្ឋកិច្ចជាជាងគិតគូរ ចំណាយលុយលើការផលិតអាវុធនុយក្លេអ៊ែរ ហើយវាក៏កំពុងបង្កឱ្យមានការព្រួយបារម្ភផងដែរពីលទ្ធភាពផ្ទុះឡើងនូវការរត់ប្រណាំងសព្វាវុធរវាងសហរដ្ឋអាមេរិក និងចិនដែល អាចនាំពិភពលោកឆ្ពោះទៅរកមាត់ជ្រោះនៃសង្រ្គាមនុយក្លេអ៊ែរ។ មេដឹកនាំចិនដូចជាលោក តេង ស៊ាវពីង តែងតែឱ្យតម្លៃខ្លាំងលើការអភិវឌ្ឍសេដ្ឋកិច្ចជាមាគ៌ានាំចិនទៅរក តំណែងជាមហាអំណាច។ តែនៅជំនាន់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង សេដ្ឋកិច្ចតែមួយមុខ វាមិនគ្រប់គ្រាន់នោះទេដោយសេដ្ឋកិច្ច ត្រូវតែដើរទន្ទឹមគ្នានឹងយោធាពោលគឺ សេដ្ឋកិច្ចខ្លាំង យោធាខ្លាំងទើបអាចឱ្យចិនពើងទ្រូង និយាយជាមួយសហរដ្ឋអាមេរិកដោយស្មើមុខស្មើមាត់។

* ភូមិសាស្ត្រនយោបាយ និងការផ្លាស់ប្ដូរការគិតរបស់ថ្នាក់ដឹកនាំចិន

អស់រយៈពេលរាប់ទសវត្សរមកហើយ ដែលចិននៅតែព្រួយបារម្ភថាខ្លួនមិនទាន់មានសមត្ថភាពគ្រប់គ្រាន់អាចតតាំងជាមួយសហរដ្ឋអាមេរិកបាន ហើយការរីកចម្រើនទៅមុខ នៃសមត្ថភាពយោធាអាមេរិកទៀតសោត កាន់តែធ្វើឱ្យក្រុមអ្នកជំនាញចិនយល់ថាឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិនបច្ចុប្បន្នមិនអាចកំញើញ ឬធ្វើឱ្យអាមេរិកព្រឺរោមបាននោះ ឡើយ។ ដូច្នេះហើយ ទើបក្រុមអ្នកជំនាញចិនភាគច្រើនយល់ស្របដូចគ្នាថាទីក្រុងប៉េកាំងចាំបាច់ត្រូវតែបន្តធ្វើទំនើបកម្មឃ្លាំងអាវុធនុយក្លេអ៊ែរ និងកងកម្លាំងនុយក្លេអ៊ែររបស់ ខ្លួន។

ពិតមែនទៅ រាប់ទសវត្សរកន្លងទៅ ចិនប្រឹងតែអភិវឌ្ឍសេដ្ឋកិច្ចដោយមិនសូវគិតគូរជះលុយបង្កើន ឬផលិតអាវុធនុយក្លេអ៊ែរទេ ពីព្រោះថ្នាក់ដឹកនាំចិននៅកាលណោះជឿជាក់ថា ចិនមានជម្រើសអាទិភាពជាច្រើនផ្សេងទៀត ហើយនៅពេលនោះពួកគេក៏យល់ថាគ្មានការគំរាមកំហែងពីខាងក្រៅបន្ទាន់ណាមួយដែរ។ ប៉ុន្តែការគិតបែបនេះនៅក្នុងគំនិតថ្នាក់ដឹកនាំចិនសព្វថ្ងៃ លែងមានទៀតហើយ ស្របពេលចិនកំពុងប្រឈមមុខកាន់តែខ្លាំងជាមួយសហរដ្ឋអាមេរិកដែលកំពុងកៀងគរកម្លាំងសម្ពន្ធមិត្តប្រឆាំង និងខ្ទប់ការកើន ឡើងឥទ្ធិពលចិន។

និយាយពីទីតាំងភូមិសាស្ត្រ វាមិនអំណោយផលដល់ចិនឡើយ។ នៅជប៉ុន និងកូរ៉េខាងត្បូងមានកងទ័ពអាមេរិករាប់ម៉ឺននាក់កំពុងឈរជើង ហើយងាកទៅរកតំបន់សមុទ្រវិញចិនកំពុងមានជម្លោះដែនទឹកជាមួយបណ្ដាប្រទេសជិតខាងជាច្រើនដូចជាវៀតណាម និងហ្វីលីពីនជាដើមដែលសុទ្ធសឹងជាសម្ពន្ធមិត្តរបស់សហរដ្ឋអាមេរិក។ និយាយងាយឱ្យ ស្ដាប់ ចិនត្រូវបានអាមេរិក និងសម្ពន្ធមិត្តឡោមព័ទ្ធរួចស្រេចទៅហើយ។ បែបនេះឯង ទើបថ្នាក់ដឹកនាំចិន តួយ៉ាងដូចជាលោក Hu Xijin ជានិពន្ធនាយកាសែតរដ្ឋចិនGlobal Times សង្កត់ធ្ងន់ថាចិនត្រូវតែពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរឱ្យកាន់តែធំកាន់តែល្អ ដ្បិតឃ្លាំងអាវុធនុយក្លេអ៊ែរទាំងនេះវានឹងធ្វើឱ្យប្រទេសជាគូប្រជែងរបស់ចិន ចេះគោរពចិន និងអត់ធ្មត់ខ្ពស់នៅពេលត្រូវដោះស្រាយជាមួយចិន។

មួយរយៈពេលខ្លី ក្រោយឡើងកាន់តំណែងជាប្រធានាធិបតីចិនកាលពីឆ្នាំ២០១២ លោក ស៊ី ជិនពីង បានលើកឡើងពីសារៈសំខាន់នៃកងកម្លាំងមីស៊ីលចិន ហើយបានប្ដូរឈ្មោះ កងកម្លាំងកាំភ្លើងធំទី២ ឬ Second Artillery ទៅជាកងកម្លាំងគ្រាប់រ៉ុក្កែត (Rocket Force)។ លើសពីនេះទៅទៀត ក្នុងកិច្ចប្រជុំនយោបាយថ្នាក់ជាតិកាលពីខែមីនា ឆ្នាំ២០២១ នេះ លោក ស៊ី ជិនពីង ថែមទាំងបានចេញបញ្ជាឱ្យយោធាចិនពង្រឹងសមត្ថភាពឱ្យកាន់តែខ្លាំងផងដែរ។

* ហេតុអ្វីចិនយកចិត្តទុកដាក់លើឃ្លាំងអាវុធនុយក្លេអ៊ែរ?

នៅអំឡុងសម័យសង្រ្គាមត្រជាក់ អតីតសហភាពសូវៀតប្រឹងប្រែងរក្សាទំហំឃ្លាំងអាវុធនុយក្លេអ៊ែរដើម្បីអាចនិយាយដោយស្មើមុខស្មើមាត់ជាមួយសហរដ្ឋអាមេរិក។ សព្វថ្ងៃ វាក៏ ប្រហែលជាមិនខុសគ្នាប៉ុន្មាននោះដែរ ដោយចិនកំពុងបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែរ ដ្បិតជឿជាក់ទីក្រុងវ៉ាស៊ីនតោននឹងមិនបោះបង់ចោលនូវនយោបាយប្រឆាំងចិនជាដាច់ខាត រហូតទាល់តែចិនមានអំណាចធ្វើឱ្យសហរដ្ឋអាមេរិកខ្លាចញញើត។

ការផ្លាស់ប្ដូរទស្សនៈវិស័យរបស់ចិនលើបរិយាកាសភូមិសាស្ត្រនយោបាយ កើតមានឡើងចំពេលសេដ្ឋកិច្ចចិនរីកចម្រើនខ្លាំងសមល្មមផ្ដល់លទ្ធភាពឱ្យថ្នាក់ដឹកនាំទីក្រុងប៉េកាំង ជះលុយវិនិយោគលើការអភិវឌ្ឍកងកម្លាំងនុយក្លេអ៊ែរ។ និយាយជារួមអ្វីដែលថ្នាក់ដឹកនាំចិនកំពុងផ្តោត នោះគឺជោគជ័យខាងសេដ្ឋកិច្ចហើយ គឺដល់វេនគិតគូរពីយោធាវិញម្ដង។ ជាឧទាហរណ៍កាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ ចិនបានចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់លើការផលិតនាវាមុជទឹកនុយក្លេអ៊ែរ, នាវាផ្ទុកយន្ដហោះចម្បាំង និងមីស៊ីលអន្តរទ្វីប រួមទាំងយន្ដហោះចម្បាំងជំនាន់ក្រោយ។

* អនាគតនៃការរត់ប្រណាំងសព្វាវុធរវាងចិន និងអាមេរិក

ក្រុមអ្នកជំនាញភាគច្រើនយល់ថាផ្អែកលើការប្រកួតប្រជែងបច្ចុប្បន្នរវាងមហាអំណាចទាំង២ ការរត់ប្រណាំងសព្វាវុធនៅពេលអនាគតប្រហែលជាមិនអាចចៀសផុតឡើយ។ តែ អ្វីដែលកំពុងកើនឡើងសព្វថ្ងៃ ធ្វើឱ្យគេពិបាកស្វែងយល់ និងបកស្រាយឱ្យបានច្បាស់។ ពីព្រោះការអះអាងរបស់ក្រុមអ្នកវិទ្យាសាស្ត្រអាមេរិកថាចិនបាន និងកំពុងបង្កើន ការសាងសង់មូលដ្ឋានបាញ់មីស៊ីលចេញពីក្រោមដីមិនត្រូវបានចិនទទួលស្គាល់ឡើយ រីឯប្រព័ន្ធផ្សព្វផ្សាយចិនក៏មិនបានរាយការណ៍អ្វីនោះដែរ។ កាសែតរដ្ឋចិនដូចជា People’s Daily និងទូរទស្សន៍មជ្ឈិមចិន (China Central Television) បានច្រានចោលការលើកឡើងរបស់ក្រុមអ្នកវិទ្យាសាស្ត្រអាមេរិកដោយចោទថាទីក្រុងវ៉ាស៊ីនតោនកំពុងមួលបង្កាច់ បង្ខូចឈ្មោះចិន ហើយថាមូលដ្ឋានមីស៊ីលបាញ់ចេញពីក្រោមដីដែលថតជាប់ដោយផ្កាយរណបរបស់ក្រុមអ្នកវិទ្យាសាស្ត្រអាមេរិកគ្រាន់តែជាកង្ហារខ្យល់អគ្គិសនីតែប៉ុណ្ណោះ។

* សង្រ្គាមនុយក្លេអ៊ែរ?

នៅឯសន្និសីទសាធារណៈមួយកាលពីពេលថ្មីៗនេះ ក្នុងប្រទេសចិន អ្នកជំនាញនុយក្លេអ៊ែរជាន់ខ្ពស់ចិនម្នាក់បានកត់សម្គាល់ថានៅពេលដែលគេនិយាយដល់ការរត់ប្រណំាងសព្វាវុធរវាងសហរដ្ឋអាមេរិក និងចិនសព្វថ្ងៃ គឺវាមានលក្ខណៈដូចគ្នាទៅនឹងការរត់ប្រណំាងសព្វាវុធរវាងសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀតកាលដើមទសវត្សរឆ្នាំ១៩៦០ដូច្នោះដែរ។ ការសន្និដ្ឋានបែបនេះមានន័យថាចិន និងសហរដ្ឋអាមេរិកកំពុងស្ថិតនៅក្នុងដំណាក់កាលដំបូងនៃការត់ប្រណាំងអាវុធនុយក្លេអ៊ែរ។

បើតាមអ្នកជំនាញនុយក្លេអ៊ែរជាន់ខ្ពស់ចិនខាងលើដដែល ការរត់ប្រណំាងអាវុធនុយក្លេអ៊ែររវាងចិន និងសហរដ្ឋអាមេរិកអាចនឹងបង្កជាវិបត្តិដ៏ធំអស្ចារ្យ ឬអាចធ្ងន់ធ្ងរជាង វិបត្តិមីស៊ីលគុយបា អំឡុងសម័យសង្រ្គាមត្រជាក់ក៏ថាបាន។ ពិភពលោកមានសំណាងម្ដងរួចហើយដែលអាចរួចផុតពីគ្រោះមហន្តរាយនៃវិបត្តិមីស៊ីលគុយបាកាលពីឆ្នាំ១៩៦២ ដោយវាមិនបានបង្កឱ្យផ្ទុះឡើងនូវសង្រ្គាមនុយក្លេអ៊ែររវាងអាមេរិក និងសូវៀត។ ក៏ប៉ុន្តែសំណាងមិនចេះតែកើតឡើងច្រំដែលនោះទេ ដូច្នេះគេមានតែត្រូវរង់ចាំមើលថាតើ ពិភពលោកអាចនឹងមានសំណាងរួចផុតពីសង្រ្គាមនុយក្លេអ៊ែរដែរឬក៏យ៉ាងណានៅពេលអនាគត៕

ប្រភព៖ Carnegie Endowment (ថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១)