(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ រហូតដល់ ៨,៧៦៦ករណីបន្ថែមទៀត ដែលនៅតែជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់មួយ សម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ១៤ករណីប៉ុណ្ណោះដែលជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់ ៣,៤១៦នាក់។

នៅក្នុងថ្ងៃពុធនេះដែរ ក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ៣៤២នាក់ទៀតផងដែរ។

សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ២៣៦,៩០១នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៨៥,១៥៤នាក់ ខណៈចំនួនអ្នកស្លាប់កើនដល់ ៤,៤៨៩នាក់៕