(បាងកក)៖ កងកម្លាំងប៉ូលិសថៃបាននិយាយថាការប្រើប្រាស់កម្លាំងរបស់ពួកគេប្រឆាំងនឹងក្រុមបាតុករគឺជាវិធានការសុវត្ថិភាពសាធារណៈដ៏ចាំបាច់មួយ ខណៈក្រុមបាតុករបានរៀបចំប្រមូលផ្ដុំគ្នាតវ៉ានៅតាមដងផ្លូវកណ្ដាលរដ្ឋធានីបាងកកជាថ្មីម្ដងទៀតនៅថ្ងៃពុធនេះ ដើម្បីទាមទារឲ្យមានការធ្វើកំណែទម្រង់ លទ្ធិប្រជាធិបតេយ្យ និងទាមទារឲ្យនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១។

កងកម្លាំងប៉ូលិសថៃបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក, កាណុងបាញ់ទឹក និងគ្រាប់កាំភ្លើងជ័របំបែកក្រុមបាតុកររាប់ពាន់ដែលបានប្រមូលផ្ដុំគ្នាតវ៉ា នៅជិត គេហដ្ឋានរបស់លោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃអង្គារម្សិលមិញនេះ ដើម្បីបង្ហាញពីកំហឹងរបស់ពួកគេចំពោះការផ្ទុះឡើងនូវជំងឺ COVID-19 ដែលករណី ឆ្លងជំងឺនេះជាមធ្យម ២០,០០០ករណី ត្រូវបានរកឃើញក្នុងមួយថ្ងៃៗ និងអ្នកជំងឺរាប់រយនាក់ ក៏ត្រូវបានបាត់បង់ជីវិតក្នុងមួយថ្ងៃៗផងដែរ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

អគ្គមេបញ្ជាការប៉ូលិសក្រុងបាងកក លោក Pakapong Pongpetra បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានមួយថា «កាលដែលកងកម្លាំងប៉ូលិស សម្រេចចិត្តប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក កាណុងបាញ់ទឹក និងគ្រាប់កាំភ្លើងជ័រ បំបែកក្រុមបាតុករទាំងនោះ ពីព្រោះយើងបានពិចារណាថា បើយើងមិនធ្វើដូច្នេះទេ វានឹងមានការខូចខាតកាន់តែខ្លាំងឡើងបន្ថែមទៀត»

គួរបញ្ជាក់ថា នៅក្រោយការបង្ក្រាបដ៏ចលាចលនោះ មន្រ្តីប៉ូលិសសរុប ០៩នាក់បានទទួលរងរបួស ក្នុងនោះមានប៉ូលិសម្នាក់រងរបួសដោយសារគា្រប់កាំភ្លើង កែច្នៃបាញ់ត្រូវចំជើង ខណៈ០៨នាក់ផ្សេងទៀតត្រូវបានរងរបួសដោយគ្រាប់កាំជ្រួច ដុំថ្ម និងគ្រាប់បែកកែច្នៃ ហើយយ៉ាងហោចណាស់ទីកន្លែងប្រចាំការ របស់ប៉ូលិសចរាចរសរុប ០២កន្លែងត្រូវបានដុតបំផ្លាញ និងទ្រព្យសម្បត្តិសាធារណៈផ្សេងទៀតក៏ត្រូវបានខូចខាតផងដែរ។

ដោយឡែកខាងក្រុមបាតុករវិញ គឺមិនទាន់មានសេចក្តីរាយការណ៍បញ្ជាក់ អំពីចំនួនមនុស្សរងរបួសនៅឡើយទេ ប៉ុន្តែកងកម្លាំងប៉ូលិសបានចាប់ខ្លួន បាតុករ ៤៨នាក់ និងរឹបអូសម៉ូតូ ១២២គ្រឿង៕