(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃពុធនេះ បានថ្កោលទោសបន្ថែមទៀត ចំពោះការសម្រេចចិត្តរបស់កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក ក្នុងការរៀបចំសមយុទ្ធយោធារួមគ្នា ហើយទីក្រុងព្យុងយ៉ាង ក៏បានព្រមានដែរថា ខ្លួននឹងធ្វើឲ្យសម្ពន្ធមិត្តទាំងពីរ មានអារម្មណ៍ទទួលរងវិបត្តិសន្តិសុខធ្ងន់ធ្ងរគ្រប់ពេលវេលា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Yonhap នៅថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១។

លោក Kim Yong-chol ដែលជាមន្រ្តីជាន់ខ្ពស់កូរ៉េខាងជើង ទទួលបន្ទុកកិច្ចការអន្តរកូរ៉េ បានលើកឡើងដូចខាងលើ ក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ហើយលោកបន្តថា ការសម្រេចចិត្តបែបនោះ គឺប្រៀបដូចជារដ្ឋាភិបាលកូរ៉េខាងត្បូង បានទាត់ចោលនូវ ឱកាសដើម្បីកសាងទំនាក់ទំនងឲ្យប្រសើរឡើង។

លោក Kim Yong-chol បានថ្លែងដូច្នេះថា «យើងនឹងធ្វើឲ្យពួកគេដឹងខ្លួនគ្រប់នាទីថា ជម្រើសនៃការសម្រេចចិត្តរបស់ពួកគេ មានគ្រោះថ្នាក់កម្រិតណា ហើយពួកគេនឹងត្រូវប្រឈមវិបត្តិសន្តិសុខធំប៉ុនណា ដោយសារតែការសម្រេចចិត្តខុសបែបនេះ។ ពួកគេនឹងត្រូវខាតបង់ធ្ងន់ សម្រាប់ការឆ្លើយតបចំពោះចេតនាល្អរបស់យើង ជាមួយទង្វើបង្កហេតុ ក្រោយបោះចោលឱកាសដើម្បីលើកកម្ពស់ទំនាក់ទំនងអន្តរកូរ៉េ»

កាលពីថ្ងៃអង្គារសប្តាហ៍នេះ អ្នកនាង Kim Yo-jong ប្អូនស្រីបង្កើតរបស់ដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក៏បានថ្កោលទោស ការសម្រេចចិត្តធ្វើសមយុទ្ធយោធារបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ផងដែរ ក្រោយពីបានចេញមុខព្រមានរួចមកហើយ កុំឲ្យប្រទេសទាំងពីរធ្វើយ៉ាងដូច្នោះ បើមិនចង់ឲ្យកិច្ចប្រឹងប្រែងព្យាយាមកសាងទំនាក់ទំនង រលាយទៅវិញ។

ជុំវិញបញ្ហានេះ ក្រសួងការបរទេសអាមេរិក បានចេញសេចក្តីថ្លែងការណ៍ថា ទីក្រុងវ៉ាស៉ីនតោន ពុំមានចេតនាអាក្រក់ណាមួយ សំដៅរកកូរ៉េខាងជើងនោះទេ ហើយបានទទូចថា សមយុទ្ធយោធារួមគ្នានេះ គឺមានគោលដៅត្រឹមតែការពារខ្លួនសុទ្ធសាធ។ ចំណែករដ្ឋាភិបាលកូរ៉េខាងត្បូង ក៏បានសេចក្តីថ្លែងការណ៍ដែរថា ការផ្ទុះភាពតានតឹងយោធានៅឧបទ្វីបកូរ៉េ ពុំផ្តល់ប្រយោជន៍ដល់ភាគីណាមួយឡើយ៕