(ម៉ូស្គូ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលរុស្ស៊ី លោក មីខេល មូរ៉ាសកូ (Mikhail Murashko) បានអះអាងនៅថ្ងៃពុធនេះថា វ៉ាក់សាំងបង្ការ COVID-19 ឈ្មោះ Sputnik V របស់ខ្លួនមានប្រសិទ្ធភាព ៨៣% ក្នុងការការពារមនុស្សមិនឲ្យឆ្លង វីរុសបំប្លែងថ្មី Delta ហើយរុស្ស៊ីក៏ទទួលស្គាល់ផងដែរថា កម្រិតនេះគឺទាបជាងការរំពឹងទុក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១។

រុស្ស៊ីបានគូសបញ្ជាក់ទៀតថា ការកើនឡើងវិញនៃករណីឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសនេះ គឺដោយសារតែការរាតត្បាតនៃវីរុសបំប្លែងថ្មី Delta ព្រមទាំងភាពស្ទាក់ស្ទើររបស់ប្រជាជនរុស្ស៊ីជាច្រើនទៀត ក្នុងការទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺនេះ បើទោះបីជាវ៉ាក់សាំងត្រូវបានផ្តល់ជូន យ៉ាងទូលំទូលាយទូទាំងប្រទេសយ៉ាងណាក្តី។

កាលពីអំលុងខែមិថុនា ឆ្នាំ២០២១ ក្រុមហ៊ុនផលិតវ៉ាក់សាំងរុស្ស៊ីមួយនេះ ធ្លាប់បានអះអាងថា វ៉ាក់សាំង Sputnik V មានប្រសិទ្ធភាពរហូតដល់ទៅ ៩០% ឯណោះ ក្នុងការទប់ទល់វីរុសបំប្លែងថ្មី Delta ដែលមានប្រភពដើមនៅឥណ្ឌា។ ប៉ុន្តែក្រោយការស្រាវជ្រាវ និងប្រមូលផ្តុំទិន្នន័យថ្មីៗ ក្រសួងសុខាភិបាលរុស្ស៊ីបានប្រកាសនៅពេលនេះថា ប្រសិទ្ធភាពរបស់ Sputnik V ក្នុងការទប់ទល់វីរុសបំប្លែងថ្មី Delta គឺស្ថិតក្នុងរង្វង់ ៨៣%។ ទោះជាយ៉ាងណា វានៅតែត្រូវបានចាត់ទុកថា ស្ថិតនៅក្នុងកម្រិតខ្ពស់មួយផងដែរ។

គួរបញ្ជាក់តាមលោក អាឡិចហ្សានដឺ ជីនត៍ស្បឺក (Alexander Gintsburg) ជានាយកនៃវិទ្យាស្ថាន ហ្គាម៉ាឡេយ៉ា (Gamaleya) ដែលបានអភិវឌ្ឍ និងផលិតវ៉ាក់សាំង Sputnik V បានធានាអះអាងថា វ៉ាក់សាំងនេះមានប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការប្រយុទ្ធប្រឆាំងវីរុស COVID-19 គ្រប់ទម្រង់ទាំងអស់។

គិតត្រឹមថ្ងៃពុធនេះ ប្រទេសរុស្ស៊ីដែលមានប្រជាជនសរុប ១៤៤លាននាក់ បានរកឃើញករណីឆ្លង COVID-19 សរុប ៦.៥លានករណី ក្នុងនោះស្លាប់ជាង ១៦៧,០០០នាក់ និងជាសះស្បើយឡើងវិញ ៥.៨លាននាក់។ សម្រាប់ការចាក់វ៉ាក់សាំងវិញ គិតត្រឹមដើមសប្តាហ៍នេះ រុស្ស៊ីសម្រេចបាន ៦៦.៤លានដូស ក្នុងនោះប្រជាជន ២៧.៧លាននាក់ (១៩.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕