(ញូដេលី)៖ អាជ្ញាធរគ្រប់គ្រងការប្រើប្រាស់ឱសថនៅក្នុងប្រទេសឥណ្ឌា (DCGI) បានផ្តល់ការអនុញ្ញាតហើយ ចំពោះការសិក្សាលើការចាក់វ៉ាក់សាំងបង្ការ COVID-19 «លាយគ្នា» រវាងវ៉ាក់សាំង Covishield និងវ៉ាក់សាំង Covaxin។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១។

ការសិក្សាខាងលើនេះ នឹងប្រព្រឹត្តទៅក្នុងដំណាក់កាលដំបូង នៅឯវិទ្យាស្ថានវេជ្ជសាស្ត្រ CMC ស្ថិតក្នុងរដ្ឋ តាមិល ណាឌូ (Tamil Nadu)។ តាមរយៈសន្និសីទសារព័ត៌មានមួយ ក្នុងរដ្ឋធានីញូដេលីកាលពីថ្ងៃអង្គារសប្តាហ៍នេះ លោកវេជ្ជបណ្ឌិត ផូល (V K Paul) ដែលត្រូវជាសមាជិកនៃ វិទ្យាសាស្ត្រសិក្សាស្រាវជ្រាវថ្នាក់ជាតិឥណ្ឌា (NITI) បានលើកឡើងថា «យើងបានផ្តល់ការអនុញ្ញាតដល់វិទ្យាស្ថាន CMC ចំពោះសិក្សាលើការចាក់វ៉ាក់សាំងលាយគ្នានេះ»

បើតាមអាជ្ញាធរឥណ្ឌា ការសិក្សាលើកនេះគឺខុសពីការសិក្សាលើកមុន ដែលត្រូវបានធ្វើឡើងដោយក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រឥណ្ឌា (ICMR) ដែលកាលណោះបានអះអាងថា ការចាក់វ៉ាក់សាំង COVID-19 លាយគ្នារវាងវ៉ាក់សាំង ២ប្រភពផ្សេងគ្នា អាចបង្កើនប្រសិទ្ធភាព និងជំរុញអង់ទីករបានប្រសើរជាង ការចាក់វ៉ាក់សាំងតាមវិធីទូទៅនោះ។

គួរបញ្ជាក់ថា វ៉ាក់សាំង Covaxin និង Covieshield គឺជាសុទ្ធតែជាវ៉ាក់សាំងចម្បងៗដែលឥណ្ឌាកំពុងប្រើប្រាស់ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19។ យ៉ាងណាក៏ដោយ អ្វីដែលឥណ្ឌាកំពុងធ្វើខាងលើនេះ គឺត្រឹមតែជាការសិក្សា ដើម្បីយល់ដឹងអំពីលទ្ធផលសិនប៉ុណ្ណោះ ខណៈឥណ្ឌាក៏បានដឹងរួចមកហើយថា កាលពីអំលុងពាក់កណ្តាលខែកក្កដាកន្លងទៅថ្មីៗនេះ អង្គការសុខភាពពិភពលោកធ្លាប់បានព្រមានថា ការចាក់វ៉ាក់សាំងលាយគ្នា រវាងវ៉ាក់សាំងរបស់ក្រុមហ៊ុនផ្សេងពីគ្នា គឺជាទង្វើគ្រោះថ្នាក់ ហើយ WHO មិនគាំទ្រចំពោះគំនិតនេះឡើយ៕