(សេអ៊ូល)៖ នៅថ្ងៃពុធនេះ ក្រសួងសុខាភិបាលកូរ៉េខាងត្បូង បានប្រកាសពីការរកឃើញករណីឆ្លងជំងឺ COVID-19 ចំនួនជាង២,២០០នាក់ ថែមទៀត ខណៈប្រទេសអាស៉ីខាងកើតមួយនេះ កំពុងជួបភាពលំបាកក្នុងការគ្រប់គ្រង រលកឆ្លងរាលដាលចុងក្រោយបំផុត ដែលធ្ងន់ធ្ងរខ្លាំងជាងពេលកន្លងមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១។

បើតាមរដ្ឋមន្រ្តីសុខាភិបាលកូរ៉េខាងត្បូង លោក Kwon Deok-cheol ទោះបីវិធានការគម្លាតសុវត្ថិភាព កំពុងត្រូវអនុវត្តជាងមួយខែមកហើយក៏ដោយ អត្រាឆ្លងរាលដាល COVID-19 នៅតែបន្តកើនឡើង ដោយសារតែវីរុសបំប្លែងថ្មី Delta បូករួមជាមួយកំណើននៃការធ្វើដំណើរនៅក្នុងប្រទេស កំលុងវិស្សមកាលរដូវក្តៅ។

កូរ៉េខាងត្បូងបានជួបភាពលំបាក ក្នុងការគ្រប់គ្រងរលកឆ្លងរាតត្បាតថ្មីចុងក្រោយនេះ ចាប់តាំងតែពីខែកក្កដាមក ដែលដំបូងឡើយករណីភាគច្រើន គឺប្រមូលផ្តុំនៅតំបន់ទីក្រុងសេអ៊ូល ប៉ុន្តែក្រោយមក ក៏បានបន្តរាលដាលនៅទូទាំងប្រទេស។ ក្នុងថ្ងៃពុធដដែលនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៉ីន បានថ្លែងថា ការកំពុងកើនឡើងនៃករណីឆ្លង គឺជាក្តីបារម្ភធំមួយ ហើយលោកបានស្នើឲ្យមានការបន្តកិច្ចសហការពីប្រជាជន និងក្រុមមន្រ្តីសុខាភិបាល។

គួរបញ្ជាក់ថា កូរ៉េខាងត្បូងមានករណីឆ្លង COVID-19 សរុបកើនដល់ ២១៦,២០៦នាក់ ក្នុងនោះមានអ្នកស្លាប់២,១៣៥នាក់។ សម្រាប់ការចាក់វ៉ាក់សាំងវិញ ត្រឹមតែជាង១៥ភាគរយប៉ុណ្ណោះ នៃប្រជាជនកូរ៉េខាងត្បូងទាំង៥២លាននាក់ ដែលបានចាក់គ្រប់ដូស ខណៈ៤២ភាគរយ បានចាក់យ៉ាងហោច១ដូស។ រដ្ឋាភិបាលកូរ៉េខាងត្បូង បានកំណត់គោលដៅ ឲ្យប្រជាជន៧០ភាគរយ ចាក់វ៉ាក់សាំងបានយ៉ាងហោច ១ដូស នៅត្រឹមខែកញ្ញាខាងមុខ៕