(ឡាហាវ៉ាន)៖ ក្រុមអ្នកវិទ្យាសាស្ត្រនៃប្រទេសគុយបា នឹងផ្ញើលិខិតមួយច្បាប់ជូនលោកប្រធានាធិបតី ចូ បៃដិន ដើម្បីថ្កោលទោស និងស្នើឱ្យសហរដ្ឋអាមេរិក ដកទណ្ឌកម្មសេដ្ឋកិច្ចចេញវិញ ក្នុងបរិបទដែលគុយបាកំពុងតស៊ូប្រយុទ្ធប្រឆាំង ការឆ្លងរាលដាលជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១។

នៅក្នុងលិខិតដដែល ក្រុមអ្នកវិទ្យាសាស្ត្រគុយបាបានសង្កត់ធ្ងន់ថា ប្រសិនបើសហរដ្ឋអាមេរិកពិតជាចង់ជួយប្រជាជនគុយបា គួរតែដកចេញនូវទណ្ឌកម្មសេដ្ឋកិច្ចទាំងឡាយ ដែលដាក់ចេញដោយអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងទណ្ឌកម្មសេដ្ឋកិច្ចផ្សេងៗទៀត ដែលអាមេរិកបានដាក់លើគុយបាអស់ពេលជាង ៦០ឆ្នាំមកនេះ។ «សភាអាមេរិកក៏គួរតែលុបចោលផងដែរ នូវរាល់ទណ្ឌកម្មទាំងអស់ តាមសំណើដែលធ្លាប់បានធ្វើឡើង នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ និងពីសំណាក់ប្រទេសជាច្រើននៅជុំវិញពិភពលោក»។ នេះជាការគូសបញ្ជាក់បន្ថែម នៅក្នុងលិខិតរបស់ក្រុមអ្នកវិទ្យាសាស្ត្រគុយបា។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានដាក់ ទណ្ឌកម្មសេដ្ឋកិច្ចដំបូងលើគុយបា នៅក្នុងឆ្នាំ១៩៦២ ហើយតមកដល់ជំនាន់លោក បៃដិន ក៏អាមេរិកនៅតែបង្កើនការដាក់ទណ្ឌកម្ម លើគុយបាដដែល ជាពិសេសក្រោយអាជ្ញាធរគុយបាបង្ក្រាបក្រុមបាតុករ ដែលបានធ្វើការតវ៉ាដ៏កក្រើកកម្រមាន នៅក្នុងប្រទេសដីកោះមួយនេះ កាលពីប៉ុន្មានសប្ដាហ៍មុន។ ទណ្ឌកម្ម ទាំងនេះបាននឹងកំពុងបង្កការលំបាកយ៉ាងខ្លាំង ដល់អាជ្ញាធរគុយបា ក្នុងការនាំចូលបរិក្ខាពេទ្យ និងវត្ថុធាតុដើមសំខាន់ៗ ដើម្បីផ្គង់ផ្គង់ដល់ការផលិត និងអភិវឌ្ឍវ៉ាក់សាំង COVID-19 នៅក្នុងស្រុក៕