(ស៉ីដនី)៖ អភិបាលរដ្ឋវិចតូរៀ (Victoria) លោក ដានីញែល អាន់ឌ្រូ (Daniel Andrews) នៅថ្ងៃពុធនេះបានប្រកាសថា ទីក្រុងមែលប៊ន (Melbourne) នឹងបន្តអនុវត្តវិធានការបិទខ្ទប់រយៈពេល ០១សប្តាហ៍ទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 ដោយព្រមានថា ប្រសិនបើវិធានការរឹតត្បឹត ត្រូវបានបន្ធូរបន្ថយ នាពេលឥឡូវនេះរដ្ឋ Victoria នឹងអាចមើលឃើញការកើនឡើង នូវករណីឆ្លងយ៉ាងឆាប់រហ័ស ស្រដៀងគ្នាទៅនឹងរដ្ឋញូសោតវែលស៍ (New South Wales) ជាមិនខាន។ នេះបើយោងតាមការចេញផ្សាយដោយ សារពត៌មានអូស្រ្តាលី ABC News នៅថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១។

លោក Daniel Andrews បាននិយាយថា «នេះគឺជារឿងដែលពិបាកសម្រាប់ប្រជាជនកំពុងរស់នៅរដ្ឋ Victoria ដែលចង់បើកដំណើរការអាជីវកម្មរបស់ពួកគេឡើងវិញ, ពួកគេចង់បើកដំណើរការឡើងវិញ ជាមួយនឹងការមានសេរីភាពក្នុងកម្រិតមួយ ដែលមិនអាចធ្វើទៅបាន ដោយសារតែការឆ្លងរីករាលដាលនៃវីរុស COVID-19 បំប្លែងថ្មី Delta»

លោក Daniel Andrews បាននិយាយបន្ថែមថា «ប្រសិនបើរដ្ឋត្រូវបើកដំណើរការឡើងវិញ នាពេលឥឡូវនេះ វានឹងអាចមើលឃើញការកើនឡើងនូវករណីឆ្លងខ្ពស់នៅក្នុង «ចន្លោះពេលខ្លី»។ ប្រសិនបើ យើងត្រូវបើកដំណើរការឡើងវិញ នោះយើងនឹងឃើញករណីស្រដៀងគ្នានឹង អ្វីដែលកំពុងកើតឡើងគួរឱ្យសោកស្តាយបំផុត នៅទីក្រុងស៉ីដនី នាពេលឥឡូវនេះ»

រដ្ឋ Victoria បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 ក្នុងសហគមន៍ថ្មីៗចំនួន ២០ករណីបន្ថែមទៀត ក្នុងចំណោមលទ្ធផលធ្វើតេស្តលើ មនុស្សចំនួន ៤១,៥៧១នាក់ ដែលបានធ្វើឡើង កាលពីថ្ងៃអង្គារម្សិលមិញនេះ។

គួរបញ្ជាក់ថា វិធានការបិទខ្ទប់នៅទីក្រុង Melbourne គ្រោងនឹងត្រូវបញ្ចប់នៅម៉ោង០៨៖០០នាទីយប់ថ្ងៃព្រហស្បតិ៍ស្អែកនេះ ប៉ុន្តែនាពេលឥឡូវ នឹងបន្តអនុវត្តរហូតដល់យ៉ាងហោចណាស់ថ្ងៃទី១៩ ខែសីហា។ បើតាមគេហទំព័រ Worldomters រហូតមកទល់ពេលនេះ ប្រទេសអូស្រ្តាលី បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៣៧,៣៧៨ករណី ក្នុងនោះមានអ្នកស្លាប់ ៩៤៥នាក់ និងអ្នកជាសះស្បើយ ៣០,៧៣៥នាក់៕