(រ៉ង់ហ្គូន)៖ សហរដ្ឋអាមេរិកបាននិយាយនៅថ្ងៃអង្គារ ទី១០ ខែសីហានេះថា ខ្លួននឹងផ្តល់ជំនួយជាង ៥០លានដុល្លារអាមេរិកជូនដល់ប្រទេសមីយ៉ាន់ម៉ា ខណៈការកើនឡើងនៃករណីឆ្លងជំងឺកូវីដ១៩ បានធ្វើឱ្យវិបត្តិមនុស្សធម៌នៅក្នុងប្រទេសមួយនេះកាន់តែធ្ងន់ធ្ងរឡើង បន្ទាប់ពីយោធាបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតតាមបែបលិទ្ធិប្រជាជាធិបតេយ្យកាលពីដើមឆ្នាំនេះ។ នេះបយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកក៏នឹងផ្តល់ជំនួយជូនដល់ប្រទេសថៃចំនួន ៥លានដុល្លារអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ផងដែរ។

ក្រសួងការបរទេសបានគូសបញ្ជាក់ថា នៅមីយ៉ាន់ម៉ាការផ្តល់មូលនិធិរបស់អាមេរិក នឹងជួយដល់អ្នកដែលបង្ខំឱ្យរត់គេចពីអំពើហិង្សា និងការធ្វើទុក្ខបុកម្នេញ ព្រមទាំងជួយដល់ក្រុមផ្តល់សេវាថែទាំសុខភាព បន្ថែមលើវត្ថុចាំបាច់ដូចជាអាហារ ជម្រក និងទឹកជាដើម។

លោក Price បានកត់សម្គាល់ថា ការប្រកាសផ្តល់ជំនួយនេះ ធ្វើឡើងនៅក្នុងដំណាក់កាលដ៏សំខាន់ នៃការបង្កើនជំនួយមនុស្សធម៌ ដើម្បីជួយកាត់បន្ថយផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ទៅលើជីវិតប្រជាជននៅទូទាំងប្រទេសថៃ និងភូមា៕