(កាប៊ុល)៖ ក្រសួងការពារជាតិអាហ្វហ្គានីស្ថាននៅថ្ងៃអង្គារនេះបានឲ្យដឹងថា ជនសកម្មប្រយុទ្ធរហូតដល់ ៤៧នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីក្រុមយន្តហោះចម្បាំងយោធាអាហ្វហ្គានីស្ថាន បានបើកការវាយប្រហារតាមផ្លូវអាកាស ទៅលើទីតាំងលាក់ខ្លួន ព្រមទាំងមូលដ្ឋានរបស់ក្រុមតាលីបង់នៅខេត្ត Kandahar ភាគខាងត្បូងប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១។

យោងតាមសេចក្តីថ្លែងការណ៍របស់ ក្រសួងការពារជាតិអាហ្វហ្គានីស្ថាន ប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសនោះ មានគោលដៅទៅលើ ក្រុមសកម្មប្រយុទ្ធតាលីបង់ ដែលស្ថិតនៅក្នុងស្រុក Dand, ស្រុក Zari, ស្រុក Takhta Pul ហើយនិងផ្នែកខ្លះនៃទីក្រុង Kandahar របស់ខេត្ត Kandahar កាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះ។ សមាជិកតាលីបង់៤៧នាក់ ត្រូវបានផ្តាច់ជីវិត និង២៥នាក់ បានរងរបួស។

គួរបញ្ជាក់ថា រាប់សប្តាហ៍កន្លងទៅនេះ ទីក្រុងជាច្រើន រួមទាំងប្រមាណជាពាក់កណ្តាលនៃខេត្តទាំង៣៤ របស់ប្រទេសអាហ្វហ្គានីស្ថាន បានក្លាយជាសមរភូមិប្រយុទ្ធយ៉ាងក្តៅគគុក រវាងក្រុមតាលីបង់ និងយោធាអាហ្វហ្គានីស្ថាន ខណៈប៉ុន្មានថ្ងៃកន្លងទៅនេះ ទីក្រុងសំខាន់ៗចំនួន៥ បានធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់តាលីបង់៕