(ប៉េកាំង)៖ ប្រទេសចិននៅថ្ងៃអង្គារនេះ បានសម្រេចកោះហៅអគ្គរដ្ឋទូតរបស់ខ្លួន ប្រចាំប្រទេសលីទុយអានី ឲ្យត្រលប់មកទីក្រុងប៉េកាំងវិញ និងបានប្រាប់ឱ្យលីទុយអានី កោះហៅអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំទីក្រុងប៉េកាំង ត្រលប់ទៅស្រុកវិញដូចគ្នា បន្ទាប់ពីប្រទេសអឺរ៉ុបមួយនេះ បានអនុញ្ញាតឱ្យកោះតៃវ៉ាន់បង្កើតការិយាល័យតំណាងមួយ ដោយដាក់ឈ្មោះកោះតៃវ៉ាន់ផ្ទាល់តែម្តងនៅក្នុងទីក្រុង វីនៀស (Vilnius)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅល្ងាចថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១។

កោះតៃវ៉ាន់ដែលចិនចាត់ទុកថា គ្រាន់តែជាខេត្តរបស់ខ្លួនស្របទៅតាមច្បាប់អន្តរជាតិ កាលពីខែកក្កដាកន្លងទៅបានប្រកាសពីការបង្កើត ការិយាល័យតំណាងមួយក្នុងទីក្រុង Vilnius របស់លីទុយអានីដោយដាក់ឈ្មោះ តៃវ៉ាន់។ ការប្រកាសនេះត្រូវបានទីក្រុងប៉េកាំងហៅថា ជាការប្រមាថខាងផ្នែកការទូត ហើយថាការសម្រេចចិត្តអនុញ្ញាតឱ្យកោះតៃវ៉ាន់ បង្កើតការិយាល័យតំណាងនៅលីទុយអានី គឺជាទង្វើបំផ្លាញអធិបតេយ្យភាព និងបូរណភាពទឹកដីចិនយ៉ាងធ្ងន់ធ្ងរ។

ជាការឆ្លើយតប ក្រសួងការបរទេសចិនបានប្រាប់ឱ្យរដ្ឋាភិបាលលីទុយអានី កោះហៅអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំប្រទេសចិន ត្រលប់ទៅស្រុកវិញ ហើយក្រោយមកបន្តិច ចិនក៏បានកោះហៅអគ្គរដ្ឋទូតរបស់ខ្លួន ប្រចាំប្រទេសលីទុយអានី ត្រលប់មកស្រុកវិញដូចគ្នាដែរ។

ក្រសួងការបរទេសចិន បានចេញសារព្រមានមួយយ៉ាងច្បាស់លាស់ថា «រដ្ឋាភិបាល និងប្រជាជនចិនមានការប្តេជ្ញាចិត្តឥតឈប់ឈរ ដើម្បីសម្រេចបាននូវការបង្រួបបង្រួមប្រទេសឡើងវិញ។ ខ្សែបន្ទាន់ក្រហមនៃការការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី គឺមិនត្រូវឲ្យនរណាដើររំលងឡើយ»

ក្រសួងការបរទេសចិនបានសង្កត់ធ្ងន់ទៀតថា «ចិនជំរុញឱ្យភាគីលីទុយអានី កែតម្រូវការសម្រេចចិត្តខុសរបស់ខ្លួនជាបន្ទាន់ តាមរយៈការចាត់វិធានការជាក់ស្តែង ដើម្បីជួសជុលការខូចខាតនៃទំនាក់ទំនង ហើយកុំបន្តដើរទៅមុខទៀតលើផ្លូវខុសទៀត។ យើងក៏ព្រមានដល់អាជ្ញាធរតៃវ៉ាន់ផងដែរថា ឯករាជ្យភាពនៃកោះតៃវ៉ាន់គឺជាផ្លូវទាល់ ហើយរាល់ការប៉ុនប៉ងធ្វើសកម្មភាពបំបែកខ្លួន នៅលើឆាកអន្តរជាតិ នឹងត្រូវទទួលបរាជ័យជាក់ជាមិនខាន»

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងចិន និងលីទុយអានីបានចាប់ផ្ដើមល្អក់កករនឹងគ្នា តាំងតែពីខែឧសភាមកម្ល៉េះ បន្ទាប់ពីប្រទេសក្នុងតំបន់សមុទ្របាល់ទិចមួយនេះ បានប្រកាសដកខ្លួនចេញពីវេទិការនៃកិច្ចសហប្រតិបត្តិការ ១៧ បូក ១ របស់ចិន។ មិនតែប៉ុណ្ណោះ លីទុយអានីក៏បានសន្យាបរិច្ចាគវ៉ាក់សាំង COVID-19 ចំនួន ២០,០០០ដូស ដល់កោះតៃវ៉ាន់៕