(ប៉េកាំង)៖ ប្រទេសចិននៅអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៤៣ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ ដោយមានតែ ៣៥ករណីប៉ុណ្ណោះជាករណីនាំចូល។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ។

បើតាមគណៈកម្មការសុខាភិបាលជាតិចិន (NHC) ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ១០៨ករណី ជាករណីឆ្លងក្នុងសហគមន៍ក្នុងនោះរួមមាន៖ ៥០ករណីត្រូវបានរកឃើញនៅក្នុងខេត្តជាំងស៊ូ (Jiangsu), ៣៧ករណីនៅក្នុងខេត្តហឺណាន (Henan), ១៥ករណីនៅក្នុងខេត្តហ៊ូប៉ី (Hubei), និង ០៦ករណីទៀតនៅក្នុងខេត្តហ៊ូណាន (Hunan)។

ដោយឡែក ៣៥ករណីផ្សេងទៀត ជាករណីនាំចូលក្នុងនោះរួមមាន៖ ១១ករណីត្រូវបានរកឃើញនៅក្នុងខេត្តយូណា (Yunnan), ០៩ករណីនៅក្នុងទីក្រុងសៀងហៃ (Shanghai), ០៨ករណីនៅក្នុងខេត្តក្វាងទុង (Guangdong), ០៣ករណីនៅក្នុងខេត្តហ្វូចៀន (Fujian), ០៣ករណីនៅក្នុងខេត្តស៉ីឈាន់ (Sichuan), និង ០១ករណីទៀតនៅក្នុងខេត្តសានស៉ី (Shaanxi)។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសចិនបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៩៣,៩៦៩ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៦៣៦ករណី និងអ្នកជាសះស្បើយ ៨៧,៦៣១នាក់៕