(ប៉េកាំង)៖ ថ្មីៗនេះ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានថ្លែងថា ប្រទេសចិននឹងបន្តប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីផ្តល់វ៉ាក់សាំង ជួយប្រទេសកំពុងអភិវឌ្ឍន៍ ដោះស្រាយវិបត្តិជំងឺរាតត្បាតសកល COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១។

ក្នុងសារទៅកាន់កិច្ចប្រជុំលើកដំបូង នៃវេទិកាអន្តរជាតិស្តីពីកិច្ចសហប្រតិបត្តិការវ៉ាក់សាំង COVID-19 កាលពីពេលថ្មីៗនេះ លោក ស៉ី ជិនពីង បានលើកឡើងទៀតថា ចិននឹងព្យាយាមផ្តល់វ៉ាក់សាំងឲ្យបានដល់២ពាន់លានដូស ទៅកាន់ពិភពលោក ក្នុងឆ្នាំ២០២១នេះ ព្រមទាំងបរិច្ចាគថវិកា១០០លានដុល្លារដល់កម្មវិធី COVAX។

គួរបញ្ជាក់ថា បើនិយាយអំពីការផ្តល់វ៉ាក់សាំង COVID-19 ដល់សហគមន៍អន្តរជាតិ គឺប្រទេសចិនជាប់ចំណាត់ថ្នាក់លេខមួយ ជាមួយចំនួនវ៉ាក់សាំងច្រើនជាង៧៧០លានដូស។ យោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក គិតត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ៥១.១៥ភាគរយនៃប្រជាជន នៅក្នុងប្រទេសមានចំណូលខ្ពស់ បានទទួលការចាក់វ៉ាក់សាំង ខណៈប្រជាជននៅប្រទេសចំណូលទាប តែ១.៣៦ភាគរយប៉ុណ្ណោះ ដែលទទួលបានការចាក់វ៉ាក់សាំង៕