(ប៉េកាំង)៖ ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកក្រុងតូក្យូ ដែលបានពន្យារអស់រយៈពេលមួយឆ្នាំ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ បានបិទបញ្ចប់ដោយរលូននៅយប់ថ្ងៃទី៨ ខែសីហានេះ បើទោះបីជាក្រុងតូក្យូក៏ដូចជាពិភពលោក កំពុងប្រឈមនឹងសម្ពាធខ្លាំងបណ្តាលមកពីរលកថ្មីនៃជំងឺឆ្លងក្តី។

ក្នុងរយៈពេលកន្លះខែនៃការប្រកួត ប្រជាជនលើពិភពលោកទាំងមូលបានមើលឃើញ ពីការប្រកួតប្រជែងសមត្ថភាព និងបច្ចេកទេសលំដាប់ពិភពលោក ដ៏គួរឱ្យជក់ចិត្តដិតអារម្មណ៍។

ស្របពេលជាមួយគ្នានេះ យើងក៏បានមើលឃើញពីស្មារតីកីឡាអូឡាំពិក ដែលរំលេចចេញដោយអត្តពលិកភាគច្រើនបំផុតផងដែរ ពោលគឺការយោគយល់គ្នា មិត្តភាព សាមគ្គីភាព និងការប្រកួតប្រជែងដោយយុត្តិធម៌។ ការចាប់ដៃគ្នាមុនពេលប្រកួត ការជួយយកអាសាអត្តពលិកនៃប្រទេស ឬតំបន់ដទៃដែលជួបបញ្ហាក្នុងការប្រកួត អ្នកចាញ់ឱបអ្នកឈ្នះដើម្បីសម្តែងការសាទរក្រោយការប្រកួត ។ល។ តាមរយៈទិដ្ឋភាពទាំងនេះ យើងបានមើលឃើញពីការរាប់រានគ្នា ការយោគយល់គ្នាដោយមិនប្រកាន់ជាតិសាសន៍ ភាសា និងពណ៌សម្បុរ រវាងអត្តពលិកដែលមកពីប្រទេស និងតំបន់ទីទៃគ្នា។

ក្នុងការប្រកួតលើកនេះអត្តពលិកភាគច្រើនបំផុត សុទ្ធតែបានប្រកាន់ខ្ជាប់ស្មារតីកីឡាអូឡាំពិក ដែលធ្វើការប្រកួតប្រជែងដោយយុត្តិធម៌។ ជាធម្មតា ការប្រកួតប្រជែង គឺដើម្បីសាកល្បងសមត្ថភាពរៀងៗខ្លួន ការចាញ់ឬឈ្នះគឺជារឿងធម្មតា អ្នកឈ្នះមិនអំនួត អ្នកចាញ់មិនបាក់ទឹកចិត្ត អ្វីដែលសំខាន់បំផុតគឺការទទួលបានបទពិសោធន៍ល្អៗ ដើម្បីលើកកម្ពស់សមត្ថភាពខ្លួនឯង ឱ្យកាន់តែប្រសើរឡើងជាលំដាប់ នេះទើបជាជាតិជាអ្នកកីឡាយ៉ាងពិតប្រាកដ ។

ប៉ុន្តែយើងងាកមកមើលពីអ្នកនយោបាយមួយចំនួន របស់លោកខាងលិចវិញ ដែលជាអ្នក «មិនហ៊ានចាញ់» ពោលគឺក្នុងផ្នត់គំនិតរបស់ពួកគេ គ្មានការប្រកួតប្រជែងដោយយុត្តិធម៌នោះទេ បើឃើញគូប្រកួតជែងទៅមុខខ្លួន នឹងប្រើឧបាយកលគ្រប់បែបយ៉ាង តួយ៉ាងដូចជាការចោទប្រកាន់ដោយឥតហេតុផល ការមួលបង្កាច់ ការឃោសនាបំប៉ោង ការដាក់សម្ពាធនិងការគំរាមកំហែង ។ល។ កន្លងមក សកម្មភាពរបស់អ្នកនយោបាយមួយចំនួន នៃបស្ចិមប្រទេសបានបង្កភាពរាំងស្ទះជាច្រើន ដល់ការអភិវឌ្ឍរបស់ប្រទេសដទៃ ក្នុងតំបន់ និងទូទាំងពិភពលោក។

ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងក្រោមលេសសិទ្ធិមនុស្ស ការធ្វើនយោបាយធូបនីយកម្មបញ្ហាផ្សេងៗ ការដាក់ទណ្ឌកម្ម ។ល។ បានក្លាយជាកលល្បិចដែលប្រើជាប្រចាំរបស់ពួកគេ ដែលដើរកកូរកកាយបង្កភាពវឹកវរមិនចេះចប់។ ប្រជាជនលើពិភពលោកមិនមែនពិការភ្នែក ឬល្ងង់ខ្លៅនោះទេ អាចបែងចែកច្បាស់នូវ សនិងខ្មៅ ខុសនិងត្រូវ។

ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា ក្នុងការប្រកួតកីឡា ប្រសិនជាកីឡាករណាដែលលេងខូចឬលេងខុសលក្ខន្តិកៈ នោះនឹងត្រូវរងការផាកពិន័យ ឬត្រូវបណ្តេញចេញពីការប្រកួត។ យ៉ាងណាមិញ ប្រទេសណាដែលមានគំនិតពុតត្បុត មិនគោរពគោលការណ៍នៃទំនាក់ទំនងរវាងប្រទេស និងប្រទេសនិងក្រមអន្តរជាតិ ដើរបង្កាច់បង្ខូចអ្នកដទៃ បង្កអស្ថិរភាពក្នុងតំបន់ ធ្វើឱ្យប៉ះពាល់ផលប្រយោជន៍រួមរបស់មនុស្សជាតិ នោះគង់នឹងត្រូវខ្ទាតចេញពីសង្វៀនពិភពលោកជាមិនខាន។

កងប្រាំចម្រុះពណ៌ដែលប្រទាក់ក្រឡាគ្នានៃការប្រកួតកីឡាអូឡាំពិក បង្ហាញពីភាពពពិធកម្មនៃពិភពលោក និងការពួតដៃរួមសាមគ្គីគ្នា។ អរិយធម៌និងវប្បធម៌ទីទៃគ្នាបានជួបគ្នា និងគួបបញ្ចូលគ្នាទើបអាចរំលេច ចេញជាពន្លឺចម្រុះដ៏ត្រចះត្រចង់ ពោលគឺពិភពលោកត្រូវមានពហុភាគីនិយម ត្រូវពឹងផ្អែកលើគ្នាទៅវិញទៅមក ទើបមានស្ថិរភាពនិងសន្តិភាព។ អ្នកនយោបាយមួយចំនួនរបស់បស្ចិមប្រទេស គួរជម្រុះចោលគំនិត «អញជាធំ» ហើយងាកមករៀនសូត្រពីស្មារតីនៃការប្រកួតកីឡាអូឡាំពិក ធ្វើកិច្ចសហប្រតិ្តការដោយស្មោះត្រង់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់មនុស្សជាតិទាំងមូល ទើបជារឿងដ៏ត្រឹមត្រូវដែលពិភពលោកសាទរ៕

(អត្ថបទដោយ៖ តាំង ស៊ីឡេង ជាបុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន)