(តូក្យូ)៖ រដ្ឋាភិបាលជប៉ុន នៅថ្ងៃអង្គារនេះបានធ្វើការសុំទោសចំពោះការស្លាប់របស់ស្ត្រីជាជនជាតិស្រីលង្កាម្នាក់ នៅក្នុងមន្ទីរឃុំឃំាងជនអន្តោប្រវេសន៍ ហើយបានសន្យាថា នឹងធ្វើកំណែទម្រង់លក្ខខណ្ឌនានានៃមន្ទីរឃុំឃាំងជនអន្តោប្រវេសន៍។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១។

បើតាមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ជប៉ុន លោកស្រី Yoko Kamikawa របាយការណ៍ស្តីពីមរណភាពរបស់លោកស្រី Wishma Sandamali មានអាយុ ៣៣ឆ្នាំ កាលពីខែមីនា កន្លងទៅនេះ បានសន្និដ្ឋានថា លោកស្រីបានទទួលការព្យាបាលមិនគ្រប់គ្រាន់ ខណៈសុខភាពរបស់លោកស្រីកាន់តែមានភាពយ៉ាប់យ៉ឺនទៅៗ។ លោកស្រី Yoko បន្ថែមដូច្នេះថា «ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះចំពោះ ក្រុមគ្រួសាររបស់គាត់ដែលបានបាត់បង់មនុស្សជាទីស្រលាញ់ ហើយខ្ញុំពិតជាសុំទោសដោយស្មោះត្រង់ចំពោះការបាត់បង់ (ជីវិត) ដ៏មានតម្លៃនៅក្នុងមជ្ឈមណ្ឌលឃុំឃាំងនេះ»

លោកស្រី Yoko បានសង្កត់ធ្ងន់ទៀតថាលោកស្រីបានណែនាំ ដល់ប្រធានទីភ្នាក់ងារសេវាកម្មអន្តោប្រវេសន៍ឱ្យធ្វើការត្រួតពិនិត្យឡើងវិញ ហើយនឹងធ្វើការកែទម្រង់ លក្ខខណ្ឌនានាជាមួយនឹងការប្តេជ្ញាចិត្តថារឿងបែបនេះនឹងមិនកើតមានឡើងម្តងទៀតទេ។

គួរបញ្ជាក់ថា របាយការណ៍ស្តីពីមរណភាពរបស់លោកស្រី Wishma Sandamali មិនបានកំណត់ពីមូលហេតុនៃការស្លាប់របស់លោកស្រីទេ ប៉ុន្តែបានរកឃើញថា មជ្ឈមណ្ឌលឃុំឃាំងមួយស្ថិតនៅទីក្រុង Nagoya ភាគកណ្តាលប្រទេសជប៉ុន គឺខ្វះប្រព័ន្ធវាយតម្លៃសុខភាពអ្នកជាប់ឃុំ និងខ្វះប្រព័ន្ធផ្តល់សេវាកម្មវេជ្ជសាស្ត្រ។

លោកស្រី Wishma Sandamali ត្រូវបានឃុំខ្លួន ដោយសារតែការស្នាក់នៅលើសទិដ្ឋាការ ហើយលោកស្រីត្រូវបានគេរាយការណ៍ថាបានត្អូញត្អែរម្តងហើយម្តងទៀត អំពីការឈឺក្រពះ និងរោគសញ្ញាផ្សេងទៀតដែលចាប់ផ្តើមតាំងពីខែមករាមកម៉្លេះ ប៉ុន្តែលោកស្រីមិនបានទទួលការព្យាបាលគ្រប់គ្រាន់ឡើយ៕