(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ១៩,៨៤៣ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។

បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ១៩,៤៤៥ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៣៩៨ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ២៣៥នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ដែលជាតួលេខអ្នកស្លាប់ខ្ពស់បំផុត មិនធ្លាប់មាននោះឡើយ។ ដោយឡែកអ្នកជំងឺចំនួន ២២,៨០៦នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៧៩៥,៩៥១ករណី ក្នុងនោះមានអ្នកស្លាប់ ៦,៥៨៨នាក់ និងអ្នកជាសះស្បើយឡើងវិញ ៥៧៨,១៤០នាក់។ គិតត្រឹមថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ១៩.៦លានដូស ក្នុងនោះប្រជាជន ៤.២៨លាននាក់ ឬស្មើនឹង ៦.១% នៃចំនួនប្រជាជនសរុប បានទទួលការចាក់គ្រប់ដូស៕