(ប៉េកាំង)៖ តុលាការចិននៅថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១នេះ បានច្រានចោលបណ្ដឹងឧទ្ធរណ៍របស់ពលរដ្ឋកាណាដាម្នាក់ឈ្មោះ រ៉ូប៊ឺត Robert Schellenberg ដែលប្រឆាំងជំទាស់នឹងសាលក្រម ផ្ដន្ទាទោសប្រហារជីវិតរូបលោក ពីបទរត់ពន្ធគ្រឿងញៀន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។

លោក Robert Schellenberg ត្រូវបានអាជ្ញាធរចិនចាប់ខ្លួន កាលពីខែសីហា ឆ្នាំ២០១៤ និងត្រូវបានចោទប្រកាន់ជាផ្លូវការកាលពីខែមករា ឆ្នាំ២០១៥ ពីបទរត់ពន្ធគ្រឿងញៀន ហើយក្រោយមកត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ១៥ឆ្នាំ កាលពីឆ្នាំ២០១៨។ រហូតដល់ខែមករា ឆ្នាំ២០១៩ ទើបតុលាការចិនក្នុងទីក្រុង តាលៀន (Dalian) នៃខេត្ត លាវនីង (Liaoning) បានបើកសវនាការកាត់ទោស លោក Schellenberg ឡើងវិញជាមួយការសម្រេចចិត្តផ្តន្ទាទោសប្រហារជីវិត។
ជុំវិញរឿងរ៉ាវខាងលើនេះ ឯកអគ្គរដ្ឋទូតប្រចាំប្រទេសកាណាដាលោក ដូមីនិក បាតុន (Dominic Barton) បានបង្ហាញការជំទាស់
យ៉ាងខ្លាំងទៅនឹងការសម្រេចចិត្តរបស់តុលាការចិន ដោយលើកឡើងថា ចិនមិនគួរយកសំណុំរឿងនេះមកឡូកឡំជាមួយរឿងក្តីរបស់ នាយកប្រតិបត្តិហិរញ្ញវត្ថុក្រុមហ៊ុន Huawei លោកស្រី ម៉េង វ៉ាន់ចូវ (Meng Wanzhou) នៅក្នុងប្រទេសកាណាដាឡើយ។

គួរបញ្ជាក់ថា ការផ្ដន្ទាទោសលោក Robert Schellenberg កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ធ្វើឡើងតែប៉ុន្មានប៉ុណ្ណោះ បន្ទាប់ពីលោកស្រី Meng Wanzhou ត្រូវបាន
ប៉ូលិសកាណាដាចាប់ខ្លួនក្នុងទីក្រុង វែនខូវើរ (Vancouver) តាមសំណើរបស់សហរដ្ឋអាមេរិក។ ចិនធ្លាប់បានព្រមានកាណាដាពីផលវិបាកធ្ងន់ធ្ងរ ប្រសិនជាមិនព្រមទម្លាក់ចោលបទ ចោទប្រកាន់លោកស្រី Meng តែព្រមពេលជាមួយគ្នា ចិនក៏បានអះអាងដែរថា ខ្លួនមិនបានយកសំណុំរឿងលោក Schellenberg មកឡូកឡំជាមួយករណីលោកស្រី Meng Wanzhou នោះទេ៕