(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១០២,៣៧៥នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៣២៦នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៦,៧៨០,៤៨០ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦៣៣,៧៩៩នាក់ និងជាសះស្បើយឡើងសរុប ២៩.៩២លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

សហរដ្ឋអាមេរិកត្រូវបានគេមើលឃើញ កំពុងជួបប្រទះការកើនឡើងករណីឆ្លង COVID-19 ឡើងវិញយ៉ាងគំហុក ហើយបើទោះបីជាអ្នកដែលបានចាក់វ៉ាក់សាំងរួច ក៏អាចឆ្លងជំងឺនេះដែរ។ សម្រាប់អត្រាឆ្លងនាប៉ុន្មានថ្ងៃចុងក្រោយនេះ គឺលើស ១០០,០០០នាក់ក្នុងមួយថ្ងៃ ដែលជាតួលេខខ្ពស់មិនធ្លាប់មាននោះឡើយ ក្នុងរយៈពេល ៦ខែមកនេះ ហើយអ្នកជំនាញក៏បានព្រមានទៀតថា នៅប៉ុន្មានសប្តាហ៍ទៀត សហរដ្ឋអាមេរិកនឹងមើលឃើញអត្រាឆ្លង COVID-19 ប្រចាំថ្ងៃកើនដល់ខ្ទង់ ២០០,០០០នាក់។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួន ៣៥១លានដូស ក្នុងនោះប្រជាជន ១៩៤.៨៦លាននាក់ (៥៩.៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ ដូស និង ១៦៦.៤៧លាននាក់ទៀត (៥០.៧%) បានទទួលការចាក់គ្រប់ដូស ឬ ២ ដូស៕