(ប៉េកាំង)៖ ក្នុងការប្រកួតកីឡាអូឡាំពិកក្រុងតូក្យូដែលទើបបានបញ្ចប់ គណៈប្រតិភូកីឡាចិនដណ្តើមបានមេដាយមាសចំនួន៣៨ មេដាយប្រាក់ចំនួន៣២ និងមេដាយសំរិទ្ធ ចំនួន១៨ ដែលបានឈរនៅលេខរៀងទីពីរក្នុងតារាងមេដាយមាសនិងតារាងមេដាយសរុប។ មុនពេលរៀបចំធ្វើការប្រកួតកីឡាអូឡាំពិកលើកនេះ ពាក្យស្លោកនៃការប្រកួត កីឡាអូឡាំពិកគឺ «កាន់តែខ្ពស់កាន់តែលឿននិងកាន់តែខ្លាំងក្លា» ជាប់រហូតមក។

តាមការពិត ក្នុងនាមជាវេទិកាប្រកួតកីឡាមួយ ការប្រកួតកីឡាអូឡាំពិកគឺមិនអាចឃ្លាតពីលក្ខណៈប្រកួតរបស់វា។ អ្នកចូលរួមការប្រកួតទាំងអស់ សុទ្ធតែមានក្តីបំណងដូចគ្នា ដែលចង់ស្វែងរកមេដាយមាស នេះហើយក៏ជាកម្លាំងចលករដើមដែលជំរុញឱ្យកីឡារីកចម្រើនទៅកាន់ទិសដៅ «កាន់តែខ្ពស់កាន់តែលឿននិងកាន់តែខ្លាំងក្លា» ឥតឈប់ឈរ។ ប៉ុន្តែ មេដាយមាសមិនមែនជាចំណុចលេចធ្លោតែមួយគត់នៃការប្រកួតកីឡាអូឡាំពិកនោះទេ ក្រៅពីមេដាយមាស ការប្រកួតកីឡាអូឡាំពិកនៅមានអ្វីដែល សំខាន់ជាងការឈ្នះនិងចាញ់ ពោលគឺនៅមានគ្រាដ៏អស្ចារ្យច្រើនរាប់មិនអស់ទៅទៀត។

ក្នុងមួយរយៈពេលកាលពីមុន អ្នកផងទាំងពួងមានស្តង់ដារតែមួយសម្រាប់វាយតម្លៃថា តើកីឡាករកីឡាការិនីដែលចូលរួមការប្រកួតកីឡាអូឡាំពិកទទួលបានផលជោគជ័យ ឬអត់ ពោលគឺទទួលបានមេដាយមាសឬអត់។ ប៉ុន្តែក្នុងការប្រកួតកីឡាអូឡាំពិកឆ្នាំនេះ អ្វីដែលប្រជាជនចិនបានយកចិត្តទុកដាក់មិនត្រឹមតែមេដាយមាសប៉ុណ្ណោះទេ អ្នកផង ទាំងពួងកាន់តែយកចិត្តទុកដាក់ដល់ការបង្ហាញចេញដ៏អស្ចារ្យក្នុងការប្រកួតកីឡាអូឡាំពិកនិងការទទួលបានស្នាដៃលើសពីពេលមុនៗ របស់ខ្លួនរបស់កីឡាករកីឡាការិនី។ «បើឈ្នះគឺមានភាពសប្បាយរីករាយ បើចាញ់ក៏មិនខកចិត្តដែរ»។ នេះគឺជាការឆ្លុះបញ្ចាំងដ៏ពិតប្រាកដបំផុតរបស់ទស្សនិកជនចិន នៃការប្រកួតកីឡាអូឡាំពិក លើកនេះ។

បន្ទាប់ពីនាង Quan Hongchan កីឡាការិនីចិនដែលមានអាយុតែ១៤ឆ្នាំទទួលបានជើងឯកក្នុងវិញ្ញាសាលោតទឹកផ្នែកនារីកម្ពស់១០ម៉ែត្រអ្វីដែលអ្នកផងបានពិភាក្សា យ៉ាងសកម្មនោះ គឺចរិតរួសរាយរបស់គាត់ តែមិនមែនស្នាដៃរបស់គាត់ដែលទទួលបានពិន្ទុពេញជាច្រើនក្នុងការប្រកួត បន្ទាប់ពីក្រុមបាល់ទះនារីរបស់ចិនចាញ់ការប្រកួត អ្នកប្រើបណ្តាញអ៊ីនធើណេតបានជូនពរនិងលើកទឹកចិត្តយ៉ាងរាក់ទាក់កក់ក្តៅបំផុតដល់ពួកគេ ក្នុងការប្រកួតវិញ្ញាសារត់ចម្ងាយ១០០ម៉ែត្រផ្នែកបុរសនៃ ការប្រកួតកីឡាអូឡាំពិក ក្រុងតូក្យូ លោក Su Bingtian កីឡាករចិនទទួលបានចំណាត់ថ្នាក់លេខ៦ ពិតមែនតែគាត់មិនទទួលបានមេដាយក៏ដោយ ក៏ប៉ុន្តែអ្នកផងសុទ្ធតែ ស្រែកយ៉ាងសប្បាយ ព្រមទាំងប្រសិទ្ធនាមឱ្យគាត់ថាជា «អ្នករត់លឿនបំផុតរបស់ចិននិងជាមោទនភាពរបស់អាស៊ី»

ខណៈពេលដែលអ្នកផងមិនយកចិត្តទុកដាក់ហួសពេកដល់មេដាយមាសទៀត នៅកន្លែង comment អំពីព្រឹត្តិការណ៍ពាក់ព័ន្ធនឹងការប្រកួតកីឡាអូឡាំពិក អ្នកប្រើបណ្តាញ អ៊ីនធើណេតសឹងតែពិភាក្សាអំពីបញ្ហាថាតើអវកាសយានិករបស់ចិនក្នុងលំហអវកាសអាចមើលការផ្សាយផ្ទាល់នៃការប្រកួតកីឡាអូឡាំពិក ឬអត់និងតើហ្វូងដំរីខេត្តយុនណាន ដែលដើរឆ្ពោះទៅកាន់ទិសខាងជើងនឹងទៅដល់ទីជម្រកនៅពេលណាជាដើម។

ការផ្លាស់ប្តូរនៃអាកប្បកិរិយារបស់មនុស្សទាំងឡាយចំពោះមេដាយហាក់ដូចជាកញ្ចក់មួយដែលឆ្លុះបញ្ចាំងពីការចាស់ទុំនៃវប្បធម៌កីឡារហូតដល់វប្បធម៌សង្គម។ ការចាស់ទុំ បែបនេះបានបង្ហាញនូវការលើកកម្ពស់នៃគុណសម្បត្តិរបស់ប្រជាពលរដ្ឋចិន ព្រមទាំងជំនឿចិត្តលើខ្លួនឯងរបស់ប្រជាជនដែលបណ្តាលមកពីការអភិវឌ្ឍនៃសង្គម និងការលើកកម្ពស់នៃកម្លាំងជាតិចម្រុះ ប្រទេសចិនមិនបាច់បញ្ជាក់ពីខ្លួនឯងតាមរយៈមេដាយមាសនៃការប្រកួតកីឡាអូឡាំពិករួចហើយ ប្រជាជនចិនបានបង្ហាញពីភាព បរិយាប័ន្ននិងសាមគ្គីភាពរបស់ខ្លួនកាន់តែច្រើនចំពោះទូទាំងពិភពលោក។

លោក Le baron Pierre De Coubertin អ្នកផ្តួចផ្តើមរៀបចំការប្រកួតកីឡាអូឡាំពិកសម័យទំនើបធ្លាប់និយាយថាអ្វីដ៏សំខាន់បំផុតក្នុងការប្រកួតកីឡាអូឡាំពិក មិនមែនជា ការឈ្នះប្រកួតនោះទេ គឺជាការចូលរួម ហើយអ្វីដ៏សំខាន់បំផុតរបស់មនុស្សជាតិមិនមែនជាមេដាយមាសនោះទេ តែគឺជាស្មារតីតស៊ូព្យាយាម។ កាលណាមនុស្សទាំងឡាយ មិនយកចិត្តទុកដាក់ហួសពេកចំពោះការឈ្នះនិងចាញ់ នោះ ទើបអាចទទួលអារម្មណ៍ពីភាពទាក់ទាញនៃការប្រកួតកីឡាអូឡាំពិកឱ្យកាន់តែគ្រប់ជ្រុងជ្រោយ៕