(សេអ៊ូល)៖ អ្នកនាង គីម យ៉ូចុង ដែលត្រូវជាប្អូនស្រីបង្កើតនៃមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចេញមុខព្រមានសាជាថ្មីទៀតថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងត្រូវប្រឈមមុខការគំរាមកំហែង ផ្នែកសន្តិសុខកាន់តែខ្លាំងឡើង ដោយសារតែប្រទេសទាំងពីរនេះ នៅតែបន្តផែនការធ្វើសមយុទ្ធយោធា នៅក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១។

សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូងបានប្រកាស ធ្វើសមយុទ្ធយោធាប្រចាំឆ្នាំចាប់ពីថ្ងៃអង្គារ ទី១០ ខែសីហានេះតទៅ បើទោះបីជាកូរ៉េខាងជើងកន្លងមកនេះ ធ្លាប់បានព្រមានជាច្រើនដងរួចហើយថា វានឹងបំផ្លាញដល់ដំណើរការស្តារឡើងវិញ នៃទំនាក់ទំនងអន្តរកូរ៉េយ៉ាងណាក៏ដោយ។

ជុំវិញបញ្ហាខាងលើនេះ អ្នកនាង គីម យ៉ូចុង បានថ្លែងយ៉ាងដូច្នេះថា «សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូងនឹងត្រូវប្រឈមមុខ បញ្ហាផ្នែកសន្តិសុខកាន់តែអាក្រក់ ដោយសារតែការបដិសេធរបស់ពួកគេ ក្នុងការធ្វើតាមការព្រមានម្តងហើយម្តងទៀត ឲ្យបញ្ឈប់ការធ្វើសមយុទ្ធសង្គ្រាមដ៏គ្រោះថ្នាក់...»

ប្អូនស្រីលោក គីម ជុងអ៊ុន រូបនេះក៏បានចោទប្រកាន់កូរ៉េខាងត្បូងផងដែរថា កំពុងប្រព្រឹត្តទង្វើក្បត់ តាមរយៈការសម្រេចចិត្តបន្តធ្វើសមយុទ្ធយោធា ជាមួយសហរដ្ឋអាមេរិក តែមួយរយៈពេលខ្លីប៉ុណ្ណោះក្រោយប្រទេសកូរ៉េទាំងពីរ បានសម្រេចតភ្ជាប់ខ្សែទូរស័ព្ទបន្ទាន់ (hotline) ឡើងវិញ ដោយស្ថិតក្នុងគោលដៅបន្ធូរបន្ថយភាពតានតឹងនោះ។

គួរបញ្ជាក់ថា ជាទម្លាប់របស់កូរ៉េខាងជើង ប្រទេសនេះតែធ្វើតេស្តសាកល្បងអាវុធ ឬសមយុទ្ធយោធាតបតវិញ នៅពេលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំម្តងៗ។ កូរ៉េខាងជើងតែងតែចាត់ទុកថា សមយុទ្ធយោធារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង គឺជាត្រៀមវាយប្រហារទីក្រុងព្យុងយ៉ាង ប៉ុន្តែសម្រាប់លើកនេះ គេនៅមិនទាន់អាចស្មានដឹងថា តើកូរ៉េខាងជើងនឹងបង្កើតព្រឹត្តិការណ៍អ្វី ដើម្បីជាការឆ្លើយតបវិញនោះឡើយ៕