(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក នឹងតម្រូវឱ្យយោធាអាមេរិកចាក់វ៉ាក់សាំងបង្ការ COVID-19 ជាកាតព្វកិច្ច ឱ្យបានមុនថ្ងៃទី១៥ ខែកញ្ញា ខាងមុខនេះ ខណៈរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិនកំពុងប្រឹងប្រែងទប់ស្កាត់ការឡើងករណីឆ្លងបង្កឡើងដោយវីរុសបំប្លែងថ្មី Delta។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១។

ទីភ្នាក់ងារព័ត៌មាន AP ដោយផ្អែកលើកំណត់ហេតុមួយច្បាប់របស់រដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin ផ្ញើជូនយោធាអាមេរិក បានឱ្យដឹងទៀតថាកាលបរិច្ឆេទកំណត់ ពីការចាក់វ៉ាក់សាំងអាចនឹងត្រូវបានពន្លឿន ប្រសិនបើផែនការចាក់វ៉ាក់សាំងនេះទទួលបានការយល់ព្រមពីទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក FDA ឬករណីឆ្លង នៅតែបន្តកើនឡើង។ លោក Lloyd Austin បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំនឹងស្វែងរកការអនុញ្ញាតពីលោកប្រធានាធិបតី ដើម្បីជំរុញកាតព្វកិច្ចចាក់វ៉ាក់សាំងសម្រាប់ យោធា មិនឱ្យលើសពីពាក់កណ្ដាលខែកញ្ញាខាងមុខនេះឡើយ ឬអាចលឿនជាងនេះ នៅក្នុងករណីទទួលបានការយល់ព្រមពី FDA ឬក្នុងករណីចាំបាច់ដែលតម្រូវឱ្យធ្វើ បែបនេះ»។ នៅក្នុងកំណត់ហេតុនេះលោក Austin ក៏បានក្រើនរំលឹកឱ្យយោធាអាមេរិកទាំងត្រៀមខ្លួនចាក់វ៉ាក់សាំងផងដែរ។

គួរបញ្ជាក់ថា មន្ទីរបញ្ចកោណមានផែនការផ្ដល់ពេលវេលាជាក់លាក់នៃការវ៉ាក់សាំងសម្រាប់យោធាអាមេរិកដល់ FDA ដើម្បីស្នើសុំការអនុញ្ញាតជាចុងក្រោយលើវ៉ាក់សាំង Pfizer នៅដើមខែកញ្ញាខាងមុខនេះ។ លោក Lloyd Austin ចាំបាច់ត្រូវការការអនុម័តយល់ព្រមពីលោកប្រធានាធិបតី ចូ បៃដិន ដើម្បីអាចតម្រូវឱ្យយោធាចាក់វ៉ាក់សាំង ជាកាតព្វកិច្ច តែព្រមពេលជាមួយគ្នាលោក បៃដិនបានបង្ហាញការគាំទ្រលើផែនការនេះរួចហើយដែរ៕