(វ៉ាស៊ីនតោន)៖ កាលពីខែមេសាកន្លងទៅ នាយករដ្ឋមន្ត្រីជប៉ុន លោក Suga Yoshihide បានក្លាយជាមេដឹកនាំបរទេសដំបូងគេបំផុតដែលបានជួបប្រធានាធិបតី អាមេរិក លោក ចូ បៃដិន នៅឯសេតវិមាន ហើយនេះក៏ជាការគូសបញ្ជាក់ផងដែរពីការវិលត្រឡប់នៃការបំពេញទស្សនកិច្ចកម្រិតមេដឹកនាំមកកាន់ទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីការផ្ទុះ ឡើងនូវជំងឺឆ្លងរាតត្បាតសកល COVID-19។

អំឡុងការឆ្លងរាតត្បាត COVID-19 ការប្រកួតប្រជែងដណ្ដើមឥទ្ធិពលរវាងចិន និងសហរដ្ឋអាមេរិកត្រូវបានគេមើលឃើញកាន់តែច្បាស់ ដោយមហាអំណាចទាំង២ សុទ្ធតែ កំពុងស្វែងរកការគាំទ្រ និងអូសទាញបណ្ដាប្រទេសនានានៅជុំវិញពិភពលោកឱ្យឈរនៅខាងពួកគេរៀងៗខ្លួន។ ជាឧទាហរណ៍ ក្នុងនិងក្រោយដំណើរទស្សនកិច្ចរបស់ លោក Suga នៅសហរដ្ឋអាមេរិក គេសង្កេតឃើញថាទីក្រុងតូក្យូហ៊ានប្រើប្រាស់ភាសារិះគន់ប្រឆាំងចិនត្រង់ៗ ជាពិសេសពាក់ព័ន្ធនឹងសំណុំរឿងកោះតៃវ៉ាន់ រួមទាំង សកម្មភាពចិននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

តែទោះជាបែបនេះក្ដី សហរដ្ឋអាមេរិកនៅតែតាមពីក្រោយចិន ក្នុងការទាក់ទាញមេដឹកនាំពិភពលោកឱ្យបំពេញទស្សនកិច្ចមកកាន់ទឹកដីរបស់ខ្លួន ពោលគឺរាប់ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៩ បណ្ដាមេដឹកនាំពិភពលោកបានបំពេញទស្សនកិច្ចនៅប្រទេសចិន ច្រើនជាងនៅសហរដ្ឋអាមេរិក។ ដំណើរទស្សនកិច្ចទាំងនេះពិតជាមានសារៈសំខាន់ ព្រោះវាអាចជួយសហរដ្ឋអាមេរិក ឬចិន ពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅជាមួយបណ្ដាប្រទេសជាដៃគូ ឬបង្កើតសម្ពន្ធមិត្តដើម្បីពង្រីកឥទ្ធិពល និងប្រយោជន៍ភូមិសាស្ត្រនយោបាយ។ មេដឹកនាំពិភពលោកបំពេញទស្សនកិច្ចនៅចិន ច្រើនជាងនៅសហរដ្ឋអាមេរិក វាបានបង្ហាញថាទីក្រុងប៉េកាំងកំពុងនាំមុខទីក្រុង វ៉ាស៊ីនតោន ខាង «ឥទ្ធិពលការទូត»

កាលពីឆ្នាំ២០១៩ ពោលមុន COVID-19 ផ្ទុះឡើង មេដឹកនាំបរទេស ៧០រូបបានបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ខណៈមេដឹកនាំ ២៧រូបបានបំពេញទស្សនកិច្ចទៅ កាន់សហរដ្ឋអាមេរិក ហើយចំនួនមេដឹកនាំបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ច្រើនជាងសហរដ្ឋអាមេរិកបានកើនឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៣មក។ នៅ អំឡុងរដ្ឋបាលនៃអតីតប្រធានាធិបតីអាមេរិក លោក George HW Bush និងលោក Bill Clinton ជាពេលដែលសហរដ្ឋអាមេរិកនៅជាកំពូលមហាអំណាចតែមួយគត់ អាត្រាមេដឹកនាំពិភពលោកដែលបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក គឺគិតជាមធ្យម ៦៥.៨លើក នៅជំនាន់លោក Bush និង ៦០.៥លើកនៅជំនាន់លោក Bill Clinton ជារៀងរាល់ឆ្នាំ។

តែក្រោយមក ចំនួនមេដឹកនាំបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកបានធ្លាក់ចុះ នៅជំនាន់អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ហើយព្រមពេលជាមួយគ្នាលោក ស៊ី ជិនពីង ដែលបានឡើងកាន់តំណែងជាប្រធានាធិបតីចិនក្នុងឆ្នាំ២០១៣ បានជំរុញ និងពង្រឹងនយោបាយការទូតសេដ្ឋកិច្ច ដោយទាក់ទាញមេដឹកនាំពិភពលោក យ៉ាងហោច ៨៧រូបឱ្យមកបំពេញទស្សនកិច្ចនៅចិនជារៀងរាល់ឆ្នាំ។ លើសពីនេះទៅទៀត ដោយសារតែ «នយោបាយតម្កល់ផលប្រយោជន៍អាមេរិកជាធំ» របស់ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅចន្លោះពីឆ្នាំ២០១៧ ដល់ពី២០១៩ សហរដ្ឋអាមេរិកទទួលស្វាគមន៍ការបំពេញទស្សនកិច្ចពីសំណាក់មេដឹកនាំ ពិភពលោកត្រឹមតែ ៨៧លើកប៉ុណ្ណោះ ធៀបនឹងចិនមានដល់ទៅ ២៧២លើក។

* នៅពេលម្នាក់ៗចង់ជួបចិន

នៅក្នុងទសវត្សរឆ្នាំ១៩៩០ មេដឹកនាំមកពីគ្រប់តំបន់តែងតែបំពេញទស្សនកិច្ចទៅសហរដ្ឋអាមេរិកច្រើនជាងទៅចិន ហើយសហរដ្ឋអាមេរិកនៅតែជាគោលដៅនៃការបំពេញ ទស្សនកិច្ចរបស់ពួកគេ រហូតទស្សវត្សរឆ្នាំ២០០០ ទោះបីជាមេដឹកនាំមកពីតំបន់អាស៊ី និងអូសេអានី ដែលតំបន់ទាំងនេះស្ថិតនៅក្រោមដែនអតីតឥទ្ធិពលសេដ្ឋកិច្ចចិន ចាប់ផ្ដើមបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ញឹកញប់ជាងមុនក៏ដោយ។ ចាប់ពីពេលនោះ មេដឹកនាំពិភពលោកបានបំពេញទស្សនកិច្ចទៅចិនកាន់តែច្រើនឡើងដោយ ឆ្នាំ២០១០ ចិនទទួលស្វាគមន៍មេដឹកនាំបរទេសកាន់តែច្រើនឡើងជាលំដាប់ មិនថាមកពីតំបន់អាមេរិកខាងជើង និងអាមេរិកខាងត្បូងដែលជាដែនឥទ្ធិពលរបស់អាមេរិក ក៏ចាប់ផ្ដើមងាករកចិនបន្តិចម្ដងៗដែរ។

ជាការកត់សម្គាល់ កាលពីជាង១០ឆ្នាំមុន មេដឹកនាំនៃបណ្ដាប្រទេសជាសម្ពន្ធមិត្ត និងជាដៃគូរបស់សហរដ្ឋអាមេរិក ក្នុងនោះរួមមានកូរ៉េខាងត្បូង, អាល្លឺម៉ង់, ហ្វលីពីន, ថៃ, សិង្ហបុរី, និងនូវែលសេឡង់បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិនញឹកញប់ជាងសហរដ្ឋអាមេរិក ខណៈជប៉ុនជាប្រទេសអាស៊ីតែមួយគត់ដែលមេដឹកនាំបំពេញទស្សនកិច្ច ទៅកាន់សហរដ្ឋអាមេរិកច្រើនជាងចិន ហើយមេដឹកនាំអង់គ្លេស, អ៉ីតាលី និងអូស្ត្រាលី ក៏ផ្ដល់អាទិភាពលើសហរដ្ឋអាមេរិកដែរ តែគម្លាតខុសគ្នាតិចតួចប៉ុណ្ណោះ។ មេដឹកនាំ ពិភពលោកបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិនកាន់ច្រើន វាបង្ហាញថាឥទ្ធិពលចិនក៏កាន់តែកើនឡើងដែរ ហើយការបង្កើនទំនាក់ទំនងការទូតជាមួយចិនទៀតសោត គឺប្រទេសភាគច្រើនផ្ដោតសំខាន់លើការវិនិយោគ ពាណិជ្ជកម្ម និងប្រយោជន៍សេដ្ឋកិច្ចពីទីក្រុងប៉េកាំង។

* ការពង្រីកឥទ្ធិពលការទូតរបស់លោក ស៊ី ជិនពីង

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានយកចិត្តទុកដាក់ខ្លាំងក្នុងការពង្រឹង និងបង្កើនឥទ្ធិពលចិនតាមរយៈនយោបាយការទូត។ នេះហើយគឺជាហេតុផលមួយដែលលោក ស៊ី បង្កើនកញ្ចប់ថវិកា, ពង្រីកចំនួនស្ថានកុងស៊ុលចិន និងពង្រឹងនយោបាយនៃក្រសួងការបរទេសចិន។ ការវិនិយោគលើវិស័យការទូតនេះបានជួយលោក ស៊ី ជិនពីង អាចបញ្ចុះបញ្ចូលមេដឹកនាំពិភពលោកឱ្យបំពេញទស្សនកិច្ចមកកាន់ប្រទេសចិន, គាំទ្រតួនាទីរបស់ចិននៅលើឆាកអន្តរជាតិ និងចូលរួមជាមួយគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ដែលជាយុទ្ធសាស្ត្រអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដ៏មានប្រសិទ្ធភាពរបស់ចិន។

គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ផ្តោតជាសំខាន់លើបណ្ដាប្រទេសកំពុងអភិវឌ្ឍ និងជាការឆ្លើយតបរបស់ចិនទៅនឹងការប៉ុនប៉ងរបស់លោក ចូ បៃដិន ដែលចង់បង្កើតប្លុកសេដ្ឋកិច្ច, ខ្សែចង្វាក់ផ្គត់ផ្គង់ និងប្រមូលផ្ដុំកម្លាំងសម្ពន្ធមិត្តឡើវិញសំដៅខ្ទប់ឥទ្ធិពលចិន។ ដូច្នេះក្រុមអ្នកជំនាញភាគច្រើនយល់ថាប្រសិនបើលោក បៃដិនចង់បំពេញសន្យា ស្ដារភាពជាមេដឹកនាំពិភពលោករបស់សហរដ្ឋអាមេរិកឡើងវិញ លោកចាំបាច់ត្រូវពង្រីកនយោបាយការទូតអាមេរិកជាមុនសិន៕

ប្រភព៖ វិទ្យាស្ថាន Lowy Institute (ថ្ងៃចន្ទ ទី០៩ ខែសីហា ឆ្នាំ២០២១)