(គូឡាឡាំពួរ)៖ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី នៅថ្ងៃចន្ទ ទី០៩ ខែសីហា ឆ្នាំ២០២១នេះបានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ១៧,២៣៦នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

បើតាមអាជ្ញាធរសុខាភិបាលម៉ាឡេស៊ី ក្នុងចំណោមករណីឆ្លងថ្មីខាងលើ មានតែ២៩ករណីប៉ុណ្ណោះ ជាករណីនាំចូល និង១៧,២០៧នាក់ ជាករណីឆ្លងនៅក្នុង ស្រុក។ លើសពីនេះទៅទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នា អ្នកជំងឺ COVID-19 ២១២នាក់បន្ថែមទៀតក៏ត្រូវបានរាយការណ៍ថាបានស្លាប់ផងដែរ និង ១៥,១៨៧នាក់បានជាសះស្បើយ។

គួរបញ្ជាក់ថា បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសម៉ាឡេស៊ីកើនដល់ ១,២៧៩,៧៧៦នាក់ ក្នុងនោះស្លាប់ ១០,៩៦១នាក់ និងជាសះស្បើយឡើងវិញ ១,០៤១,៥៨៥នាក់៕