(ហ្សាកាតា)៖ ក្រសួងសុខាភិបាលឥណ្ឌូនេស៊ីបានរាយការណ៍ឲ្យដឹងនៅថ្ងៃចន្ទនេះថា ចំនួនករណីឆ្លងកូវីដ១៩ នៅទូទាំងប្រទេសត្រូវបានកត់ត្រាចំនួន ២០,៧០៩ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ និងស្លាប់ ចំនួន ១,៤៧៥នាក់ទៀត។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃចន្ទ ទី០៩ ខែសីហា ឆ្នាំ២០២១។

ក្នុងថ្ងៃជាមួយគ្នានេះ អ្នកជំងឺចំនួន ៤៤,៩៥៩នាក់ ក៏ត្រូវបានប្រកាសឲ្យដឹងថា បានជាសះស្បើយឡើងវិញផងដែរ។ សរុបមកវិញ គិតត្រឹមថ្ងៃចន្ទនេះឥណ្ឌូនេស៊ីមានករណីឆ្លងកូវីដ១៩ សរុបកើនដល់៣,៦៨៦,៧៤០ករណី ក្នុងនោះស្លាប់ ១០៨,៥៧១នាក់ និងជាសះស្បើយឡើងវិញមានចំនួន ៣,១២៩,៦៦១នាក់។

គួរបញ្ជាក់ថា បច្ចុប្បន្នរដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងអនុវត្តវិធានការរឹតត្បិតយ៉ាងតឹងរ៊ឹង ដើម្បីទប់ស្កាត់កូវីដ១៩បំប្លែងខ្លួនថ្មី Delta ដែលកំពុងឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស នៅតាមតំបន់មួយចំនួន នៃប្រទេសអាស៊ានមួយនេះ៕