(ម៉ូស្គូ)៖ អាជ្ញាធរសុខាភិបាលរុស្ស៊ី នៅថ្ងៃចន្ទ ទី០៩ ខែសីហា ឆ្នាំ២០២១នេះបានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ២២,១៦០នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ នាំឱ្យអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ៦,៤៦៩,៩១០នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

បើតាមអាជ្ញាធរសុខាភិបាលរុស្ស៊ី នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នា អ្នកជំងឺ COVID-19 ចំនួន ៧៦៩នាក់ ក៏ត្រូវបានគេរាយការណ៍ថាបានស្លាប់ផងដែរធ្វើឱ្យ អ្នកស្លាប់សរុបកើនដល់ ១៦៥,៦៥០នាក់ ខណៈអ្នកជំងឺ ១៤,៤៧៤នាក់ជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ នាំឱ្យអ្នកជាសះស្បើយសរុបកើន ដល់ ៥,៧៦៩,៩៨១នាក់។

គួរបញ្ជាក់ថា ទីក្រុងម៉ូស្គូ គឺជាតំបន់ដែលរងគ្រោះដោយសារ COVID-19 ខ្លាំងជាងគេនៅក្នុងប្រទេសរុស្ស៊ី ជាមួយការប្រកាសរកឃើញករណីឆ្លងថ្មីៗ ២,១៥០ នាក់នាំឱ្យ អ្នកឆ្លងសរុបក្នុងទីក្រុងនេះហក់ឡើងដល់ ១,៥២៩,៣៥០នាក់។ មកទល់នឹងពេលនេះ រុស្ស៊ីសម្រេចបានការធ្វើតេស្ដរក COVID-19 ច្រើនជាង១៦៩លាន តេស្ដ៕